(រីយ៉ាដ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ នៅតែប្រកាន់ជំហរដដែលថា ការវាយប្រហារលើរោងចក្រប្រេងចំនួនពីរកន្លែង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត គឺជាស្នាដៃរបស់អ៊ីរ៉ង់ និងជាទង្វើចង់បង្កសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នាឱកាសបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធសប្ដាហ៍នេះលោករដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្មានពលរដ្ឋអាមេរិកណាម្នាក់ស្លាប់ នៅក្នុងការវាយប្រហារនេះទេ... ប៉ុន្តែសកម្មភាព ឬទង្វើចង់បង្កសង្រ្គាមបែបនេះ តែងតែបង្កហានិភ័យជានិច្ច ហើយវាគឺជាការវាយប្រហារទ្រង់ទ្រាយធំមួយ ដែលយើងមិនធ្លាប់ឃើញពីមុនមក»

បន្ថែមពីលើនេះលោក ប៉ុមប៉េអូ បានប្រកាន់ជំហរដដែលថា អ៊ីរ៉ង់គឺជាអ្នកវាយប្រហារលើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត ហើយការប្រកាសទទួលខុសត្រូវរបស់ក្រុមឧទ្ទាមហ៊ូទីនៅយ៉េមែន គឺជាការកុហកទាំងស្រុង ព្រោះទីក្រុងតេហេរ៉ង់ជាអ្នកបញ្ជាឱ្យក្រុមឧទ្ទាមមួយនេះចេញមុខទទួលខុសត្រូវ ខណៈក្រុមឧទ្ទាមហ៊ូទីមិនមានប្រភេទអាវុធ ដែលប្រើប្រាស់ក្នុងការវាយប្រហារនេះទេ។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនរោងចក្រប្រេងចំនួន ០២កន្លែងរបស់ក្រុមហ៊ុនប្រេង អារ៉ាប៊ីសាអូឌីត អារាំកូ (Aramco) បានរងការវាយប្រហារដោយយន្ដហោះដ្រូន ដែលកំពុងបង្កឱ្យការផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីតធ្លាក់ចុះ ៥.៧លានបារែលក្នុងមួយថ្ងៃ។ ម្យ៉ាងវិញទៀតទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដសុទ្ធតែអះអាងដូចគ្នាថា អ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត ប៉ុន្តែទីក្រុងតេហេរ៉ង់បានបដិសេធ ជាមួយការព្រមានថាខ្លួននឹងចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើសិនមានការវាយប្រហារណាមួយមកលើបូរណភាពដែនដីអ៊ីរ៉ង៕