(កាប៊ុល)៖ នៅមុននេះបន្តិចមានសេចក្តីរាយការណ៍ថា មនុស្សសរុប ០៧នាក់បានស្លាប់ និងជាង ៨០នាក់រងរបួសធ្ងន់-ស្រាល នៅក្នុងករណីបំផ្ទុះគ្រាប់់បែកលើរថយន្តក្នុងទីក្រុងកាឡាត (Qalat) របស់ខេត្តហ្សាប៊ុល (Zabul) ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ការបំផ្ទុះនេះត្រូវបានគេសង្ស័យថា ជាទង្វើរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលបានបង្កបញ្ហាស្រដៀងគ្នានេះ កាលពីកំឡុងចុងសប្តាហ៍មុន និងដើមសប្តាហ៍នេះ ដែលបាននាំឲ្យមនុស្សជិត ៥០នាក់បាត់បង់ជីវិត និងរាប់រយនាក់រងរបួស។ សម្រាប់មនុស្សរងរបួសមួយចំនួនទៀតអាចនឹងបាត់បង់ជីវិត ព្រោះតែស្ថានភាពរបួសពួកគេធ្ងន់ធ្ងរខ្លាំង ក្រោយករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកនៅថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា ក្រោយកិច្ចចរចាជាមួយអាមេរិកបានទទួលភាពបរាជ័យ ក្រុមតាលីបង់បានអះអាងថា មនុស្សបន្ថែមទៀតនឹងបាត់បង់ជីវិត ដោយសារតែជម្រើសរបស់សហរដ្ឋអាមេរិក ក្នុងការមិនបន្តកិច្ចចរចាជាមួយពួកគេ៕