(តូត្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក តារ៉ូ កូណូ (Taro Kono) បាននិយាយថា លោកមិនទាន់បានឃើញឡើយពីភស្ដុតាងដែលបញ្ជាក់ឱ្យច្បាស់ថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារ លើរោងចក្រប្រេងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

លោក Taro Kono ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍ ប៉ុន្តែការលើកឡើងរបស់លោក គឺផ្ទុយទាំងស្រុងទៅនឹងមហាមិត្តអាមេរិក ដែលបានអះអាងភ្លាមៗក្រោយការវាយប្រហារថា អ៊ីរ៉ង់គឺជាអ្នកនៅពី ក្រោយការប្រព្រឹត្តកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។ លោក Kono បានគូសបញ្ជាក់ដូច្នេះថា «យើងមិនបានឃើញ ឬដឹងឡើយពីព័ត៌មានដែលបញ្ជាក់ថា អ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត... ហើយយើងជឿជាក្រុមឧទ្ទាមហ៊ូទីគឺជា អ្នកបើកការវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត ដោយសារតែក្រុមមួយនេះបានចេញមុខទទួលខុសត្រូវ»

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិជប៉ុននេះក៏បានសង្កត់ធ្ងន់ដែរថា ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកសុទ្ធតែជាមិត្តរបស់ជប៉ុន ដូច្នេះទីក្រុងតូក្យូនឹងនៅតែបន្តតាមដាន ដើម្បីកំណត់ថាតើនរណាជាអ្នកទទួលខុសត្រូវពិតប្រាកដ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅរដ្ឋាភិបាលទីក្រុងតូក្យូបានប្រកាសជាមុនថា ខ្លួននឹងមិនចូលរួមក្នុងប្រតិបត្តិការយោធាសងសឹកប្រឆាំងនឹងអ៊ីរ៉ង់ ពីព្រោះរដ្ឋធម្មនុញ្ញនៃប្រទេសបានហាមឃាត់ ដោយនៅតែបន្តជំរុញឱ្យភាគីទាំងអស់ដោះស្រាយវិបត្តិ នៅក្នុងតំបន់មជ្ឈិមបូព៌ាតាមផ្លូវការទូត។ ដោយឡែកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ អ៊ីវ ឡឺ ទ្រីយ៉ង់ (Jean-Yves Le Drian) ក៏បានលើកឡើងដូចគ្នាផងដែរថា រដ្ឋាភិបាលទីក្រុងប៉ារីសមិនទាន់បានឃើញភស្ដុតាងបញ្ជាក់ថា អ៊ីរ៉ង់ជាអ្នកវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីតនោះទេ។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនរោងចក្រប្រេងចំនួន ០២កន្លែងរបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco បានរងការខូតខាតយ៉ាងដំណំ ដោយសារតែការវាយប្រហារដោយយន្ដហោះដ្រូន ហើយឧប្បដិហេតនេះទៀតសោត កំពុងធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារពិភពលោកឡើងថ្លៃ ខណៈអារ៉ាប៊ីសាអូឌីតកាត់បន្ថយការផលិតប្រេង ៥.៧លានបារែលក្នុងមួយថ្ងៃ ឬស្មើនឹងជាងពាក់កណ្ដាលនៃការផលិតប្រេងប្រចាំថ្ងៃ របស់ប្រទេសស្ដេចប្រេងមួយនេះ៕