(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិកបានទទួលស្គាល់ថា វីដេអូឃ្លីបដែលបង្ហាញពីយន្ដហោះ ចម្បាំង F-18 ប្រឈមមុខដាក់គ្នាជាមួយថាសហោះឬ UFOs គឺជាការពិត។ ប៉ុន្តែ ទន្ទឹមគ្នាមិនទាន់មានការពន្យល់ឱ្យបានច្បាស់ពីវីដេអូនេះទេ ខណៈនេះគឺជាលើកដំបូងបំផុត នៅក្នុងប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិកទទួលស្គាល់ថា UFOs ពិតជាមានប្រាកដមែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

កាលពីឆ្នាំ២០១៧ សារព័ត៌មាន New York Times បានចុះផ្សាយថា យន្ដហោះចម្បាំង F-18 របស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿង បានប្រឈមមុខដាក់គ្នាជាមួយវត្ថុចម្លែកម្យ៉ាងដែលគេ ជឿជាក់ថាជាថាសហោះ ឬ UFOs (មនុស្សលើផែនដីនិយមហៅថា ថាសហោះរបស់មនុស្សក្រៅភព) នៅលើដែនអាកាសក្បែរទីក្រុង សាន់ឌីហ្គោ (San Diego) នៃរដ្ឋកាលីហ្វ័រញ៉ា (California)។ អាកាសយានិកលើយន្ដហោះចម្បាំង F-18 បានថតជាប់វត្ថុចម្លែកនេះ ដោយប្រើកាមេរ៉ាបំពាក់លើកាណុងកាំភ្លើង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៤ និងត្រូវបានគេមើលឃើញថា មានភាពងងឹតដោយចំណាំងនៃពន្លឺព្រះអាទិត្យ មុននឹងវាគេចចេញពីយន្ដហោះចម្បាំង ក្នុងល្បឿនយ៉ាងលឿនដែលគេមិនអាចស្ទង់បាន។

ពាក់ព័ន្ធនឹងវីដេអូនេះដែរ អ្នកនាំពាក្យកងទ័ពអាមេរិកលោក ចូសិព ហ្គ្រាឌីហ្ស៊ែរ (Joseph Gradisher) បានប្រាប់មណ្ឌលរក្សាទុកឯកសារ ប្លេកវ៉លត៍ (Black Vault) នៅដើមខែកញ្ញានេះថា វត្ថុចម្លែកខាងលើបានហោះហើរដោយមិនមែនប្រើប្រាស់បច្ចេកវិទ្យា ដូចយន្ដហោះធម្មតានោះទេ។ លោក Gradisher បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «កងទ័ពជើងទឹកបានកំណត់ថា វត្ថុដែលមាននៅក្នុងវីដេអូនេះជាបាតុភូតអាកាស មិនត្រូវបានកំណត់អត្តសញ្ញាណ (UAP) ហើយ UAP នេះត្រូវបានប្រើប្រាស់ដើម្បីជំនួស UFO... ប៉ុន្តែយើងមិនទាន់អាចបញ្ជាក់ថា វាជាអ្វីឱ្យប្រាកដ ខណៈមិនទាន់មានភស្តុតាងបញ្ជាក់ថា វាមានប្រភពមកពីមនុស្សក្រៅភព ឬយ៉ាងណានោះទេ»

គួរបញ្ជាក់ថា បើតាមលោក Joseph Gradisher មធ្យោបាយតែមួយគត់ដែលអាចកំណត់ថា តើ UAP ជាអ្វីឱ្យប្រាកដគឺមានតែជំរុញ និងលើកទឹកឱ្យសិក្ខាកាម ឬពីឡុតបើកយន្ដហោះចម្បាំងទាំងអស់ រាយការណ៍ភ្លាមៗនៅពេលដែលពួកគេបានឃើញវា។ ជុំវិញបញ្ហានេះកងទ័ពជើងទឹកអាមេរិក ក៏ធ្លាប់បានរាយការណ៍ទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីប៉ុន្មានខែមុននេះដែរ ប៉ុន្តែលោកប្រធានាធិបតីកាលណោះ មិនបានបញ្ជាក់អ្វីនោះឡើយ៕