(សេអ៊ូល)៖ ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ិន សាល់ម៉ាន់ (Mohammed Bin Salman) បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ចេអ៊ីន នាថ្ងៃពុធនេះដើម្បីជជែកអំពីករណីវាយប្រហារលើមូលដ្ឋានប្រេង នៅក្នុងប្រទេសរបស់ទ្រង់ ហើយនាឱកាសនោះព្រះអង្គម្ចាស់ក៏បានស្នើឲ្យទីក្រុងសេអ៊ូល ជួយក្នុងការពង្រឹងសមត្ថភាពការពារដែនអាកាស របស់អារ៉ាប៊ីសាអូឌីតផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅល្ងាចថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

កំឡុងការជួបសន្ទនានោះលោក មូន ចេអ៊ីន បានលើកឡើងថា ការវាយប្រហារលើមូលដ្ឋានប្រេងអារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ គឺការគំរាមកំហែងដល់សន្តិសុខ ដែលមិនមែនតែនៅអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងប្រទេសកូរ៉េខាងត្បូង និងនៅក្នុងពិភពលោកយើងទាំងមូលផងដែរ។

ខណៈអារ៉ាប៊ីសាអូឌីតជាប្រទេសនាំចេញប្រេងលេខមួយ លោក មូន បានគូសបញ្ជាក់ថា ប្រទេសសេដ្ឋីប្រេងនេះ គឺជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេរបស់កូរ៉េខាងត្បូង ពោលគឺអារ៉ាប៊ីសាអូឌីតទទួលបន្ទុក ៣០ភាគរយនៃទំហំប្រេងសរុប ដែលកូរ៉េខាងត្បូងនាំចូល។ ជាការឆ្លើយតបព្រះអង្គម្ចាស់ Bin Salman បានស្នើឲ្យភាគីកូរ៉េខាងត្បូងជួយដល់ ការពង្រឹងសមត្ថភាពការពារដែនអាកាស​របស់អារ៉ាប៊ីសាអូឌីត ហើយភាគីទាំងពីរក៏បានព្រមព្រៀងគ្នាថា នឹងរៀបចំបើកការប្រឹក្សាផ្សេងៗ ដែលពាក់ព័ន្ធនឹងបញ្ហានេះ។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រុមហ៊ុនប្រេងធំបំផុតរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត អារាំកូ (Aramco) បានបង្ខំចិត្តបិទមូលដ្ឋានប្រេងចំនួនពីរកន្លែងគឺ អាប់កេក (Abqaiq) និង ឃូរ៉េស (Khurais) ដែលស្ថិតនៅភាគខាងកើតប្រទេសសេដ្ឋីប្រេងនេះ បន្ទាប់ពីពួកវាបានរងការវាយប្រហារដោយយន្តហោះដ្រូន។ ប្រការនេះបានប៉ះពាល់គួរឲ្យកត់សម្គាល់ ដល់ការផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីត និងធ្វើប្រេងលោតឡើងថ្លៃនៅជុំវិញពិភពលោក។ ដោយឡែករដ្ឋមន្រ្តីថាមពលអារ៉ាប៊ីសាអូឌីត ទើបតែបានបញ្ជាក់ថា ការផលិតប្រេងបានចាប់ផ្តើមវិលទៅរកសភាពដើមជាបណ្តើរៗ ហើយអាចត្រូវស្តារបានឡើងវិញទាំងស្រុង នៅចុងខែកញ្ញានេះ។

គួរជម្រាបថា ពាក់ព័ន្ធសកម្មភាពវាយប្រហារខាងលើ ក្រុមឧទ្ទាម Houthi នៅឯប្រទេសយេម៉ែនបានចេញមុខអះអាងថា ជាទង្វើរបស់ពួកគេ ព្រោះកន្លងមកក្រុមសកម្មប្រយុទ្ធនេះ ក៏ធ្លាប់បានប្រើដ្រូនវាយប្រហារលើព្រលានយន្តហោះ និងមូលដ្ឋានប្រេងនៅអារ៉ាប៊ីសាអូឌីតដែរ ប៉ុន្តែសហរដ្ឋអាមេរិកវិញ និងអារ៉ាប៊ីសាអូឌីតបានចោទប្រកាន់ទៅលើអ៊ីរ៉ង់ថា ជាអ្នកប្រព្រឹត្ត ខណៈអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់។ ចំពេលមានភាពតានតឹងនេះដែរ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងបំពេញទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ៕