(ប៉េកាំង)៖ រូបសំណាកធំៗជាច្រើននៅក្នុងតំបន់ផ្នូរបុរាណសៅលីង (Xiaoling) ដែលជាទីបញ្ចុះសពនៃអធិរាជចិន ជូ យានចាង (Zhu Yuanzhang) រជ្ជកាលម៉េង (Ming ឆ្នាំ1368-1644) នឹងត្រូវជួសជុលឡើងវិញលក្ខណៈទ្រង់ទ្រាយធំ ជាលើកដំបូងបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

រូបសំណាកទាំង ៣៤ ខាងលើគឺស្ថិតនៅទីតាំងផ្នូរបុរាណ (Sacred Avenue) នៅក្នុងទីក្រុងណាជីង (Nanjing) រដ្ឋធានីនៃខេត្តជាំងស៊ូ (Jiangsu) ស្ថិតនៅភាគខាងកើតប្រទេសចិន បានរងការបំផ្លិចបំផ្លាញដោយកត្តារួមផ្សំ ជាច្រើនក្នុងនោះរួមមានទាំងការបំពុល និងអាកាសធាតុជាដើមនៅក្នុងរយៈពេល ៦០០ឆ្នាំចុងក្រោយនេះ។ ដូច្នេះហើយទើបក្រុមអ្នកជំនាញចិន បានសម្រេចចិត្តដឹកនាំប្រតិបត្តិការជួសជុល និងកែលម្អរូបសំណាទាំងនេះនៅមុនថ្ងៃទី០១ ខែតុលាខាងមុខនេះ។

គួរបញ្ជាក់ថា រូបសំណាកដែលមានរូបរាងជាឆ្មាំយាម មានទ្រង់ទ្រាយជាមនុស្ស និងសត្វមានទ្រង់ទ្រាយដូចជាសត្វដំរី និងអូដ្ឋ គឺបានបង្ហាញពីស្នាដៃសិល្បៈចម្លាក់ដ៏អស្ចារ្យ នៅដើមរជ្ជកាល Ming។ ចំណកឯផ្នូរបុរាណ Xiaoling គឺជាកន្លែងបញ្ចុះសពអធិរាជ Zhu Yuanzhang និងអគ្កមហេសីរបស់ទ្រង់។ ដោយឡែកនៅឆ្នាំ២០០៣ ទីតាំងទាំងនេះត្រូវបានបញ្ចូល ទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោករបស់អង្គការយូនីសកូ UNESCO ជាស្ថាពរ៕