(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo បានរាយការណ៍ថា កូរ៉េខាងជើងអាចនឹងមាន ក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី៣០ ដល់៤០គ្រាប់ នៅឆ្នាំ២០២០ខាងមុខនេះ ខណៈទីក្រុងព្យុងយ៉ាង ត្រូវបានគេមើលឃើញថានៅតែបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការដកស្រង់ចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

Chosun Ilbo ធ្វើសេចក្ដីរាយការណ៍ខាងលើនៅក្នុងសប្ដាហ៍នេះ ដោយផ្អែកលើការស្រង់សម្ដីពីលោក Dan Smith ជាអ្នកជំនាញម្នាក់មកពីវិទ្យាសា្ថនស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ដែលបានលើកឡើង នៅឯគេហដ្ឋានអគ្គរដ្ឋទូតស៊ុយអែត ប្រចាំទីក្រុងសេអ៊ូល។ លោក Smith បន្ថែមទៀតថា ការសន្និដ្ឋានរបស់ លោកគឺធ្វើឡើងដោយសំអាងលើទីក្រុងព្យុងយ៉ាង មិនបានបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ ខណៈ កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ជាមួយសហរដ្ឋអាមេរិក កំពុងជាប់គាំង។

គួរបញ្ជាក់ថា វិទ្យាសា្ថនស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm មានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែត ក៏ធ្លាប់សន្និដ្ឋានដែរថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរពី២០ ទៅ៣០គ្រាប់ក្នុងឆ្នាំ២០១៨។ តែក្រៅ ពីកូរ៉េខាងជើង ប៉ាគីស្ថាន ឥណ្ឌា ចិន និងអ៊ីស្រាអែល សុទ្ធតែបានបង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ រៀងៗខ្លួនក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ៕