(ម៉ូស្គូ)៖ ឆ្មាំសមុទ្ររុស្ស៊ី បានឱ្យដឹងថាពួកគេបានរឹបអូសទូកពីរគ្រឿង និងចាប់ខ្លួនអ្នកនេសាទ កូរ៉េខាងជើងជាង៨០នាក់ ដែលចូលមកនេសាទដោយខុសច្បាប់ក្នុងដែនទឹករុស្ស៊ី កាលពីថ្ងៃអង្គារកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមឆ្មាំសមុទ្ររុស្ស៊ី ទូកទាំងពីរគ្រឿងខាងលើបានចូលនេសាទដោយខុសច្បាប់នៅក្នុង ដែនទឹករុស្ស៊ី នៅឯតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន ហើយមិនតែប៉ុណ្ណោះទូកមួយគ្រឿង ថែមទាំងបានវាយប្រហារដោយបង្កឱ្យឆ្មាំសមុទ្ររុស្ស៊ីបីនាក់ រងរបួសទៀតផង។

ប៉ុន្តែ មកទល់នឹងពេលនេះ ខាងកូរ៉េខាងជើងមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ ខណៈ ក្រសួងការបរទេសរុស្ស៊ីបានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត នេះមិនមែនជា លើកទីមួយឡើយដែលឧប្បដិហេតុបែបនេះកើតឡើង រវាងប្រទេសទាំងពីរ ពោលគឺកាលពី ខែកក្កដាកន្លងទៅ កូរ៉េខាងជើងក៏ធ្លាប់បានរឹបអូសទូក និងចាប់អ្នកនេសាទរុស្ស៊ីផងដែរ៕