(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននិយាយថាប្រទេសរបស់លោក កំពុងតស៊ូប្រយុទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃ ដែលកំពុងបំពុលបរិយាកាសស្ទើតែទូទាំងតំបន់ អាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់យន្ដហោះ, ភ្លៀងសប្បនិមិ្មត រួមទាំងការបន់ស្រន់ពីព្រះជាម្ចាស់ ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

មកទល់ពេលនេះ ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះនៅលើកោះ Borneo និង Sumatra ខណៈផ្សែង បានរសាត់អណ្ដែតស្ទើតែទូទាំងតំបន់ ក្នុងនោះជាពិសេសគឺប្រទេសក្បែរដូចជាម៉ាឡេស៊ី និងសិង្ហបុរី។ ដោយឡែក ជុំវិញបញ្ហានេះដែរ ថ្លែងនាឱកាសបំពេញទស្សនកិច្ចទៅកាន់ខេត្ត Riau នៃកោះ Sumatra នៅថ្ងៃអង្គារនេះ លោក Widodo បានសន្យាថាឥណ្ឌូណេស៊ី នឹងធ្វើអ្វីគ្រប់យ៉ាង តាមដែលអាចធ្វើទៅបានដើម្បីពន្លត់ភ្លើងឆេព្រៃ។

លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានគូសបញ្ជាក់ដូច្នេះថា៖«យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីពន្លត់ភ្លើងឆេះព្រៃ»។

គួរបញ្ជាក់ថា បើតាមលោក Joko Widodo កងទ័ពជិត ៦,០០០នាក់ ត្រូវបានបញ្ជូនឱ្យចូលរួមក្នុង ប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ខណៈកាលពីថ្ងៃចន្ទ មនុស្សជាង២០០នាក់ត្រូវបានអាជ្ញាធរ ឥណ្ឌូណេស៊ី ចាប់ខ្លួនដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពដែលនាំឱ្យភ្លើងឆេះព្រៃស្ថិត នៅក្រៅការគ្រប់គ្រង៕