(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណី (Ayatollah Ali Khamenei) បានថ្លែងនៅថ្ងៃអង្គារនេះថា មន្រ្តីរដ្ឋាភិបាលអ៊ីរ៉ង់ទាំងអស់ បានបដិសេធជាឯកច្ឆន្ទតែម្តង នូវការពិភាក្សានានាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីមហាអំណាចពិភពលោកនេះ បានធ្វើការចោទប្រកាន់អ៊ីរ៉ង់ដោយគ្មានភស្តុតាងថា ជាអ្នកវាយប្រហារលើរោងចក្រផលិតប្រេងអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

លោក ខាមេណី ត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថា «តាមរយៈការចរចា ពួកគេ (អាមេរិក) កំពុងព្យាយាមបន្ថែមការទាមទារមកលើអ៊ីរ៉ង់ និងបង្ហាញពីប្រសិទ្ធភាព នៃយុទ្ធនាការរបស់ពួកគេ ដើម្បីដាក់សម្ពាធជាអតិបរមាមកលើអ៊ីរ៉ង់»។ ការថ្លែងរបស់លោក ខាមេណី បែបនេះគឺចង់សំដៅទៅលើការប្រើ យុទ្ធសាស្ត្រទម្លាក់កំហុសមកលើអ៊ីរ៉ង់ ដើម្បីឲ្យអ៊ីរ៉ង់បន្ទន់ឥរិយាបថ ហើយព្រមចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះក៏បានសង្កត់ធ្ងន់ទៀតថា «ការដាក់សម្ពាធជាអតិបរមារបស់អាមេរិកមកលើប្រទេសអ៊ីរ៉ង់ បានទទួលភាពបរាជ័យរួចទៅហើយ»

ទោះបីជាបែបនេះក្តី មេដឹកនាំកំពូលអ៊ីរ៉ង់លោក ខាមេណី ក៏ឆ្លៀតបង្ហើបផងដែរថា អ្វីដែលសហរដ្ឋអាមេរិកអាចធ្វើទៅរួចនាពេលនេះ គឺមានតែការដើរតាមយន្តការ P5 + 1 (សមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ UN បូកថែមអាល្លឺម៉ង់) ប៉ុណ្ណោះ បើសិនជាទីក្រុងវ៉ាស៊ីនតោនចង់ចូលមកកាន់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលខ្លួនបានចាកចេញកាលពីឆ្នាំ២០១៨ នោះឡើងវិញ បើមិនដូច្នោះទេទោះជានៅទីណា ឬក៏ក្នុងកម្រិតណាក៏មន្ត្រីអាមេរិក និងអ៊ីរ៉ង់ មិនអាចជួបចរចាគ្នាទៅរួចនោះដែរ៕