(ហុងកុង)៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នាថ្ងៃអង្គារនេះបាននិយាយថា លោកស្រីនឹងចូលរួមដោយផ្ទាល់នៅ ក្នុងវេទិកាសន្ទនាសាធារណៈមួយ ដែលត្រូវបានរៀបចំឡើងដើម្បីបន្ធូរបន្ថយភាពតានតឹង ជាមួយសហគមន៍ហុងកុងនៅសប្តាហ៍ក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

លោកស្រី Lam បានប្រាប់ថា វេទិកាសន្ទនាខាងលើ នឹងចាប់ផ្តើមប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ហើយលោកស្រីក៏បានសន្យាថែមទៀតថា នឹងព្យាយាមធ្វើឲ្យវា (កិច្ចសន្ទនា) មានលក្ខណៈបើកចំហតាមតែអាចធ្វើទៅរួច ដោយសាធារណជនហុងកុង អាចចុះឈ្មោះដើម្បីចូលរួមបានដោយសេរី។
កាលពី០២សប្តាហ៍មុន ក្រោយទទួលរងសម្ពាធពីការធ្វើបាតុកម្មទ្រង់ទ្រាយធំ អស់ជាច្រើនខែនោះ លោកស្រី Lam បានយល់ព្រមធ្វើតាមការទាមទារធំមួយរបស់ក្រុមបាតុករ គឺលោកស្រីបានសម្រេចលុបចោលជាផ្លូវការតែម្តង នូវច្បាប់ស្តីពីការធ្វើបត្យាប័នដ៏ចម្រូងចម្រាស់ ដែលជាដើមចមនាំឲ្យផ្ទុះបាតុកម្មឡើង ប្រឆាំងនឹងរដ្ឋបាលទីក្រុងស្វយ័តរបស់ចិនមួយនេះ។

គួរជម្រាបថា ទោះបែបនេះក្តី ក្រុមបាតុករហុងកុងភាគច្រើនបាននិយាយថា វាហាក់ដូចជាយឺតពេលបន្តិចហើយ ព្រោះចលនាបាតុកម្មរហូតមកទល់ពេលនេះ មិនមែនសំដៅតែលើច្បាប់នោះទៀតឡើយ គឺមានគោលដៅប្រឆាំងនឹងរដ្ឋាភិបាលហុងកុងតែម្តង។ គិតចាប់តាំងពីបាតុកម្មផ្ទុះឡើងកាលពីខែមិថុនា អ្នកតវ៉ាជាង ១,៤០០នាក់ ត្រូវបានប៉ូលិសហុងកុងចាប់ខ្លួន។ ដោយឡែកកិច្ចសន្ទនាសាធារណៈនៅសប្តាហ៍ក្រោយនេះ ត្រូវបានរៀបចំឡើង ដោយស្ថិតក្នុងគោលដៅបញ្ចប់ទាំងស្រុងនូវការតវ៉ា ដែលកំពុងញាំញីសេដ្ឋកិច្ចទីក្រុងហុងកុងយ៉ាងខ្លាំងបំផុត៕