(ការ៉ាកាស់)៖ វេណេស៊ុយអេឡាបានបង្កើតកិច្ចសន្ទនាថ្នាក់ជាតិមួយ ជាមួយគណបក្សនយោបាយជាច្រើន ដើម្បីជជែកវែកញែក ក៏ដូចជាស្វែងរកដំណោះស្រាយលើបញ្ហាផ្សេងៗ បន្ទាប់ពីការបញ្ឈប់កិច្ចចរចា ជាមួយក្រុមបក្សប្រឆាំងរបស់លោក ហ្គៃដូ (Guaido) ដោយសារតែអាមេរិកប្រកាសដាក់ទណ្ឌកម្មបន្ថែម លើរបបដឹកនាំលោក ម៉ាឌូរ៉ូ កាលពីខែសីហា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីទំនាក់ទំនងវេណេស៊ុយអេឡា លោក ហ្សក រ៉ូឌ្រីហ្គែស (Jorge Rodriguez) បានប្រកាសឲ្យដឹងយ៉ាងដូច្នេះថា «យើងបានបង្កើតវេទិកាថ្នាក់ជាតិមួយ ដែលរួមមានរដ្ឋាភិបាល និងក្រុមអ្នកតំណាងនៃគណបក្សនយោបាយផ្សេងៗ »។ លោកបានបញ្ជាក់ថា វានឹងក្លាយជាវេទិកាដ៏ទូលំទូលាយមួយ ហើយរដ្ឋាភិបាលបានស្វាគមន៍ ចំពោះគណបក្សនយោបាយទាំងអស់។ បន្ថែមពីនេះវេណេស៊ុយអេឡា ក៏បានអំពាវនាវឲ្យបរទេស បញ្ឈប់ចេតនាធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ តទៅទៀត និងងាកមកធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាវិញ។

យោងតាមទូរទស្សន៍រដ្ឋវេណេស៊ុយអេឡា កិច្ចព្រមព្រៀងមួយចំនួនត្រូវបានសម្រេចចេញរវាង រដ្ឋាភិបាល និងបណ្តាបក្សនយោបាយកន្លងមករួចទៅហើយ ក្នុងនោះរួមមានការយល់ព្រមឲ្យ គណបក្សសង្គមនិយមវេណេស៊ុយអេឡា (USP) ចូលទៅអង្គុយក្នុងសភាជាតិ, ការដោះលែងអ្នកទោសនយោបាយ, ការថ្កោលទោសទណ្ឌកម្មនានារបស់អាមេរិក និងការកែទម្រង់មួយចំនួននៅក្នុងប្រព័ន្ធបោះឆ្នោត។

គួរជម្រាបថា វេណេស៊ុយអេឡាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏តានតឹងខ្លាំង បន្ទាប់ពីមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ដែលជាអ្នកគ្រប់គ្រងសំឡេងនៅរដ្ឋសភា បានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទី ហើយទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកយ៉ាងពេញទំហឹង កាលពីដើមឆ្នាំ២០១៩ ខណៈប្រធានាធិបតីវេណេស៊ុយអេឡាលោក ម៉ាឌូរ៉ូ បានចាត់ទុកលោក Guaido ថាជាកូនចៅរបស់អាមេរិក៕