(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងបានឲ្យដឹងថា ជំងឺប៉េសជ្រូកអាហ្វ្រិកមួយករណីដំបូង ត្រូវបានរកឃើញហើយនៅក្នុងទីក្រុងផាជូ (Paju) ដែលជាប់ព្រំដែនជាមួយកូរ៉េខាងជើង ខណៈសេចក្តីប្រកាសត្រូវបានធ្វើឡើងទូទាំងប្រទេស ដើម្បីឲ្យកសិដ្ឋានចិញ្ចឹមសត្វជ្រូកទាំងអស់ ធ្វើការត្រួតពិនិត្យសុខភាពសត្វរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

ករណីដំបូងនៅកូរ៉េខាងត្បូងនេះបានកើតមានឡើងតែ ៤ខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសជាប់ព្រំដែន តែមួយគត់របស់ខ្លួន គឺកូរ៉េខាងជើង បានឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិកនេះកាលពីខែឧសភា។ ជុំវិញបញ្ហានេះរដ្ឋមន្ត្រីកសិកម្មកូរ៉េខាងត្បូងលោក គីម យុនស៊ូ (Kim Hyein-soo) បានប្រាប់សារព័ត៌មាននានានៅកូរ៉េខាងត្បូងយ៉ាងដូច្នេះថា «ដើម្បីបង្កើនកម្រិតប្រកាសអាសន្ន និងជាការទប់ស្កាត់ជាបន្ទាន់នោះ សត្វជ្រូកប្រមាណជិត ៤,០០០ក្បាល នឹងត្រូវសម្លាប់ចោលកុំឲ្យវីរុសរីករាលដាល»

គួរបញ្ជាក់ថា កូរ៉េខាងត្បូងក៏ជាប្រទេសដែលទទួលទានសាច់ជ្រូកច្រើនផងដែរ ហើយប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត ដែលមានផ្ទុះជំងឺនេះខ្លាំងជាងគេគឺ ចិន និងវៀតណាម។ សម្រាប់ប្រទេសវៀតណាម ស្ទើរតែគ្រប់ខេត្តក្រុងទាំងអស់ មានផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិកនេះ កាលពីកំឡុងពាក់កណ្តាលឆ្នាំ២០១៩។ ដោយឡែកនៅចិនវិញ ដោយសារតែជំងឺប៉េសជ្រូក និងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកទៀតនោះ បានធ្វើឲ្យទីផ្សារផ្គត់ផ្គង់សាច់ជ្រូកធ្លាក់ចុះ និងតម្លៃកើនឡើងយ៉ាងគំហុក៕