(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានស្នើឱ្យសហរដ្ឋអាមេរិក «ផ្ដល់ការធានាការពារសន្តិសុខ ដល់ទីក្រុងព្យុងយ៉ាងជាមុនសិន» មុននឹងចង់បើកកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េជាថ្មីម្ដងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

កិច្ចចរចានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងជើង បានជាប់គាំងចាប់តំាងពីជំនួបកំពូលរវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ កាលពីចុងខែកុម្ភៈកន្លងទៅទទួលបរាជ័យមកម្ល៉េះ។ ជុំវិញបញ្ហានេះដែរមន្ត្រីជាន់ខ្ពស់​នៃក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «កិច្ចចរចានុយក្លេអ៊ែរ អាចនឹងកើតឡើងជាថ្មីដរាបណា ការគំរាមកំហែង ឬក៏គំនិតចង់បំផ្លាញប្រព័ន្ធសន្តិសុខ និងការអភិវឌ្ឍនៃប្រទេសជាតិរបស់យើង ត្រូវបានលុបបំបាត់យ៉ាងពិតប្រាកដជាមុនសិន»។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះដែរសារព័ត៌មានកូរ៉េខាងត្បូង ជូងអាងអ៊ីលបូ (JoongAng Ilbo) ផ្អែកលើប្រភពដែលខ្លួនទើបទទួលបានឱ្យដឹងថា លោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មកបំពេញ ទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង នៅក្នុងសំបុត្រមួយច្បាប់ដែលលោក គីម ផ្ញើឱ្យលោក ត្រាំ កាលពីខែសីហា កន្លងទៅ។ ប៉ុន្តែសេចក្ដីរាយការណ៍នេះ មិនទាន់ត្រូវបានកូរ៉េខាងជើង និងសហរដ្ឋអាមេរិកទទួលស្គាល់ផ្លូវការនៅឡើយទេ៕

Advertising