(ម៉ូស្គូ)៖ យន្ដហោះដឹកអ្នកដំណើររបស់រុស្ស៊ីសម្រាប់ជើងហោះហើរ រយៈចំងាយមធ្យមធុន MC-21 នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្រៅប្រទេស នៅឯមហោស្រពអាកាសចរណ៍មួយ ក្នុងទីក្រុងអ៊ីស្ដង់ប៊ូលប្រទេសតួកគី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ី United Aircraft Corporation (UAC) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យន្ដហោះដឹកអ្នកដំណើររុស្ស៊ី រយៈចំងាយមធ្យមស៊េរីចុងក្រោយបំផុតធុន MC-21, យន្ដហោះសម្រាប់ជើងហោះហើររយៈចំងាយខ្លី Superjet 100, យន្ដហោះ Be-200 និងយន្ដហោះចម្បាំង Su-35 នឹងត្រូវចូលរួមក្នុងមហោស្រពអាកាសចរណ៍មួយ ក្នុងទីក្រុងអ៊ីស្ដង់ប៊ូលនៃប្រទេសតួកគី»

គួរបញ្ជាក់ថា មហោស្រពអាកាសចរណ៍មួយក្នុងទីក្រុងអ៊ីស្ដង់ប៊ូល គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃ១៧ ដល់ថ្ងៃទី ២២ ខែកញ្ញានេះ។ ទោះបីជាក្រុមហ៊ុន Boeing របស់អាមេរិក និង Airbus របស់បារាំងកំពុងក្រសោបទីផ្សារយន្តហោះដឹកអ្នកដំណើរ ស្ទើរតែទាំងស្រុងលើលោកក៏ដោយ ក៏ប្រទេសរុស្ស៊ីនៅតែចង់បានចំណែកទីផ្សារខ្លះ តាមរយៈយន្តហោះជាផលិតផលរបស់ខ្លួន។ ដោយឡែកប្រទេសចិនវិញ ក៏កំពុងឆ្ពោះទៅកាន់គោលដៅខាងលើនេះដែរ៕