(ម៉ូស្គូ)៖ ខណៈរដ្ឋាភិបាលទីក្រុងញូដេលី បានចុះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ជាង ០៥ពាន់លានដុល្លារទិញប្រព័ន្ធ S-400 ពីរុស្ស៊ីរួចទៅហើយនោះ ឥឡូវនេះប្រទេសទាំងពីរ កំពុងតែពិភាក្សាគ្នាអំពីការផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាសនេះ នៅក្នុងទឹកដីប្រទេសឥណ្ឌាថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាវិស័យការពារជាតិរុស្ស៊ី រ៉ូសធិច (Rostec) លោក ស៊ឺហ្គៃ ឆេមេហ្សូវ (Sergey Chemezov) បានឲ្យដឹងថា នាពេលនេះរុស្ស៊ីកំពុងស្ថិតក្នុង កិច្ចពិភាក្សាជាមួយឥណ្ឌា ស្តីពីគម្រោងបង្កើតខ្សែផលិតកម្មនៃប្រព័ន្ធមីស៊ីល S-400 នៅក្នុងប្រទេសឥណ្ឌា ដោយលោកបានចង្អុលបង្ហាញថា កន្លងមកប្រទេសទាំងពីរធ្លាប់បានសហការគ្នា ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតមីស៊ីល ប្រាហ៍ម៉ូហ៍ BrahMoh ដែលជាមីស៊ីលចង្អុលទិសវាយប្រហារ (Cruise Missile) លឿនជាងគេបំផុតលើលោក នៅក្នុងទឹកដីរបស់ឥណ្ឌាផ្ទាល់។

គួរជម្រាបថា កាលពីសប្តាហ៍មុន ក្រសួងការពារជាតិឥណ្ឌាក៏បានចុះកិច្ចព្រមព្រៀងផងដែរ ជាមួយក្រុមហ៊ុននាំចេញសព្វាវុធរុស្ស៊ី រ៉ូសូបូរ៉ុនអ៊ិចស្ប៉ត (Rosoboronexport) ដើម្បីធ្វើទំនើបកម្មលើប្រព័ន្ធរ៉ាដា និងមីស៊ីលនៃនាវាចម្បាំងរបស់ទ័ពជើងទឹកឥណ្ឌា។ ជុំវិញការទិញ និងសហការគ្នាផលិតសព្វាវុធជាមួយរុស្ស៊ីនេះ ឥណ្ឌាក៏បាននិងកំពុងធ្វើឲ្យសហរដ្ឋអាមេរិក មិនពេញចិត្តជាខ្លាំងផងដែរ៕