(ហុងកុង)៖ ក្រុមបាតុករជាច្រើននាក់ នៅថ្ងៃអាទិត្យនេះ បានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានកុងស៊ុល អង់គ្លេស ប្រចាំទីក្រុងហុងកុង ដើម្បីអំពាវនាវឱ្យទីក្រុងឡុងដ៍ ការពារប្រជាជនហុងកុង និងបង្កើនការ ដាក់សម្ពាធលើចិន ជុំវិញការរឹតត្បិតសេរីភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

ឈរនៅក្រៅស្ថានកុងស៊ុលអង់គ្លេស ក្រុមបាតុករបាននាំគ្នាស្រែកច្រៀងចម្រៀងជាតិអង់គ្លេស «God Save the Queen» និង «Rule Britannia» ព្រមទាំងគ្រវីទង់ជាតិហុងកុងជំនាន់ក្រោមអាណានិគម របស់អង់គ្លេស ទៀតផង។ ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ឱ្យចិនវិញនៅឆ្នាំ១៩៩៧ តែទីក្រុង មួយនេះត្រូវបានដាក់ឱ្យអនុវត្តតាមប្រព័ន្ធ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ»

គួរជម្រាបថា ការតវ៉ានៅក្រៅស្ថានកុងស៊ុលអង់គ្លេស នៅថ្ងៃអាទិត្យនេះ មានបាតុករចូលរួមតិចជាង កាលពីការតវ៉ានៅខាងមុខស្ថានកុងស៊ុលអាមេរិក ប្រចាំទីក្រុងហុងកុង នាពេលថ្មីៗនេះ៕

Advertising