(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស បានឱ្យដឹងថាបង្គន់ធ្វើពីមាសមានទម្ងន់ 18-karat ត្រូវបានចោរលួចចេញពី វិមាន Blenheim Palace នៃតំបន់ Oxfordshire ជាទីដែលអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Winston Churchill ចាប់កំណើត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមប៉ូលិសអង់គ្លេស ចោរមួយក្រុមជិះរថយន្ដពីរគ្រឿង បានគាស់ទ្វារចូលក្នុងវិមាន Blenheim និងបានលួចយកបង្គន់មាសខាងលើនៅមុនម៉ោង ៥ព្រឹក កាលពីថ្ងៃសៅរ៍ ដោយមិនបានបង្កឱ្យនរណា ម្នាក់រងរបួសនោះទេ។ ដោយឡែក ក្រោយហេតុការណ៍នេះកើតឡើង បុរសម្នាក់ មានអាយុ៦៦ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទសង្ស័យជាប់ពាក់ព័ន្ធនឹងករណីលួចនេះ ប៉ុន្តែមកទល់នឹងពេលនេះបង្គន់មាស ដ៏មានតម្លៃនេះមិនទាន់ត្រូវបានគេរកឃើញឡើយ។

គួរបញ្ជាក់ថា បង្គន់ធ្វើពីមាសទម្ងន់ 18-karat មានឈ្មោះថា «America» និងមានតម្លៃជាង៥លានដុល្លារ ត្រូវបានរចនាឡើងដោយ វិចិត្រករអ៊ីតាលីឈ្មោះ Maurizio Cattelan ហើយវាត្រូវបានគេដាក់តាំងរយៈពេល២ថ្ងៃ នៅឯវិមាន Blenheim ឱ្យភ្ញៀវទេសចរចូលទស្សនា។ បង្គន់មាសនេះធា្លប់ត្រូវបានដាក់តាំងបង្ហាញ ម្ដងរួចមកហើយ នៅសារមន្ទីរ Guggenheim ក្នុងទីក្រុងញូយ៉ក ជាទីដែលភ្ញៀវទេសចរណ៍ច្រើនជាង ១០០,០០០នាក់ បានប្រើប្រាស់វា៕