(វ៉ាស៊ីនតោន)៖ យោធាជើងទឹកអាមេរិកបានឲ្យដឹងថា នាថ្ងៃសុក្រសប្តាហ៍នេះ នាវាពិឃាតមួយគ្រឿងរបស់ខ្លួន បានឆ្លងកាត់ក្បែរ​ទីប្រជុំកោះប៉ារ៉ាសែល (Paracel) នៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

បើតាមយោធាជើងទឹកអាមេរិក នាវាពិឃាតមួយគ្រឿងនោះ គឺ USS Wayne E. Meyer ដែលវាបានធ្វើដំណើរឆ្លងកាត់សមុទ្រចិន​ខាងត្បូង ក្រោមក្របខណ្ឌនៃប្រតិបត្តិការសេរីភាពនាវាចរណ៍របស់ទីក្រុងវ៉ាស៊ីនតោន។ ទីប្រជុំកោះ Paracel ស្ថិតក្រោមការទាម​ទារកម្មសិទ្ធិរវាងទីក្រុងប៉េកាំង ទីក្រុងហាណូយ និងទីក្រុងតៃប៉ិ។

គួរជម្រាបថា ជាការឆ្លើយតបនឹងការចល័តនាវាចម្បាំងរបស់អាមេរិក មកទៅកាន់សមុទ្រចិនខាងត្បូង យោធាចិនបានចល័ត​កម្លាំងរបស់ខ្លួន ទៅតាមដាននិងព្រមានឲ្យនាវាចម្បាំងនោះចាកចេញទៅវិញ ដោយថាសកម្មភាពបែបនេះរបស់អាមេរិកកំពុង​តែប៉ះពាល់ដល់សិទ្ធិអធិបតេយ្យភាពរបស់ចិន និងកំពុងបំផ្លាញអស្ថិរភាពក្នុងតំបន់។