(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពថ្មីសន្លាងមួយនៃភពសៅរ៍ (Saturn) ដែលថតបានដោយ​ កែវយឺតអវកាស Hubble ហើយនៅក្នុងរូបនោះខ្សែក្រវាត់របស់ Saturn បានបង្ហាញខ្លួនយ៉ាងច្បាស់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីវែបសាយព័ត៌មាន Digital Trends នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

រូបភាពថ្មីនោះ គឺជារូបថតដ៏ច្បាស់បំផុតមួយនៃភពសៅរ៍ ដោយសារកែវយឺត Hubble មានសមត្ថភាពផ្តិតយករូបភាពនៃភពនានា នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង បានច្បាស់ល្អដាច់គេ លើកលែងតែយានអវកាស ដែលទៅសិក្សានៅកៀក​នឹងភពមួយនោះតែម្តង។ ចំណុចដែលគួរឲ្យចាប់អាម្មណ៍ជាងគេក្នុងរូបភាពថ្មីនោះ គឺខ្សែក្រវាត់របស់ភពសៅរ៍ ដែលត្រូវបានរំលេចយ៉ាងច្បាស់។ មកទល់​ពេលនេះ អ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ប្រាកដឡើយថា ពួកវាមានអាយុកាលចាស់ប៉ុណ្ណា ឬក៏វាកើតឡើងដោយសារអ្វី។

គួរជម្រាបថា ក្រៅពីរូបភាពខាងលើ អង្គការ NASA ក៏បានបញ្ចេញឃ្លីបវីដេអូខ្លីមួយផងដែរ ដែលបានមកពីទិន្នន័យរបស់កែវយឺត Hubble កាលពី​ខែមិថុនា ដោយក្នុងនោះវាបង្ហាញពីដំណើរគោចរនៃព្រះច័ន្ទចំនួន៥ នៅជុំវិញភពសៅរ៍។ ព្រះច័ន្ទទាំង៥ រួមមាន Tethys, Janus, Mimas, Enceladus, និង Rhea ដែលសុទ្ធតែមានគន្លងគោចរខុសប្លែកពីគ្នា ខណៈភពសៅរ៍មានព្រះច័ន្ទសរុបទាំងជាង៦០៕