(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននឹកឃើញដំណោះស្រាយមួយ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសលោក និងដើម្បីព្រមានកុំឲ្យមន្រ្តីរដ្ឋាភិបាលទទួលសំណូក គឺតាមរយៈការជំរុញប្រជាជនហ្វីលីពីនឲ្យទះកំផ្លៀង ឬបើ មានកាំភ្លើងគឺអាចបាញ់មន្រ្តីទាំងឡាយណា ដែលពុករលួយនៅហ្នឹងកន្លែងតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

លោក ឌូតឺតេ បាននិយាយដូច្នេះថា «ប្រសិនបើអ្នកបានបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗ ហើយស្រាប់តែមន្រ្តីពុករលួយទាំងនោះ ទាមទារចង់បានសំណូក ចូរទះកំផ្លៀងពួកគេទៅ ហើយបើមានកាំភ្លើងក្នុងដៃវិញ គឺអ្នកអាចបាញ់ពួកគេបាន»។ ប៉ុន្តែលោក ឌូតឺតេ បានគូសបញ្ជាក់ថា ទោះជាបែបនេះក្តី លោកមិនគាំទ្រឲ្យសម្លាប់មន្រ្តីដែលល្មើសច្បាប់ទាំងនោះឡើយ ព្រោះវាអាចឈានទៅដល់ ការជាប់ពន្ធធនាគារពីបទមនុស្សឃាត ដោយលោកមិនអាចចេញមុខការពារបានឡើយ ពោលគឺបាញ់ចំត្រឹមជើងបានហើយ ដើម្បី ទុកជាការព្រមានឲ្យរាងចាល។

គួរជម្រាបថា នេះមិនមែនជាលើកទីមួយឡើយ ដែលប្រធានាធិបតីហ្វីលីពីនរូបនេះ បានស្នើឲ្យដោះស្រាយបញ្ហាជម្លោះ តាមរយៈ ការប្រើប្រាស់អាវុធ ជាជាងតាមស្តង់ដានីតិវិធីច្បាប់។ កាលពីឆ្នាំមុន ពាក់ព័ន្ធនឹងជម្លោះរវាងកូនប្រុសរបស់លោក និងសមាជិកនៃ ព្រឹទ្ធសភាហ្វីលីពីន លោក ឌូតឺតេ បានប្រាប់ឲ្យភាគីទាំងពីរប្រើកាំភ្លើងបាញ់គ្នាតែម្តងទៅ ដើម្បីបញ្ចប់រឿង៕