(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) បាននិយាយថា លោកស្ម័គ្រចិត្តជួបមុខមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

លោក ត្រាំ បានប្រាប់ក្រុមអ្នកកាសែតនៅខាងក្រៅសេតវិមានដូច្នេះថា «ប្រាកដណាស់ វាអាចនឹងកើតឡើងនៅពេលណាមួយ ដោយនៅក្នុងឆ្នាំនេះក៏ថាបាន»។ កាលពីប៉ុន្មានថ្ងៃមុន អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុនហ៊ុយ (Choe Son Hui) បាននិយាយថា ទីក្រុងព្យុងយ៉ាងស្ម័គ្រចិត្តនឹងចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាមេរិក ខណៈជំនួបនោះ អាចរៀបចំឡើងតាមកាលបរិច្ឆេទ និងនៅទីកន្លែងដែលទទួលយកបានដោយភាគីទាំងពីរ។

គួរជម្រាបថា គិតចាប់តាំងពីឆ្នាំ២០១៨មក លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ធ្លាប់បានជួបមុខគ្នា៣លើកហើយ។ ក្នុងចំណោមនោះ២លើកជាជំនួបកំពូលផ្លូវការ រួមមាននៅសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨ និងនៅវៀតណាម កាលពីខែ កុម្ភៈ ឆ្នាំ២០១៩នេះ និងមួយទៀតដែលជាជំនួបក្រៅផ្លូវការ គឺនៅតំបន់ព្រំដែនអន្តរកូរ៉េ DMZ កាលពីខែមិថុនាកន្លងទៅ៕