(ប៉េកាំង)៖ គណៈកម្មាការពន្ធគយនៃក្រុមបឹ្រក្សារដ្ឋចិន នឹងលើកលែងការដំឡើងពន្ធលើផលិតផលកសិកម្មមួយចំនួនដែល នាំចូលពីសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងសណ្ដែកសៀង និងសាច់ជ្រូក ខណៈប្រទេសទាំងពីរហាក់ដូចជាបន្ទន់ ឥរិយាបថរៀងៗខ្លួន ដើម្បីសម្រួលដល់កិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

កាលពីថ្ងៃពុធកន្លងទៅ រដ្ឋាភិបាលចិនក៏បានប្រកាសដែរថា ខ្លួននឹងដកទំនិញអាមេរិកចំនួន១៦មុខចេញពីបញ្ជីដំឡើង ពន្ធនាំចូល។ ដោយឡែក ក្រោយការប្រកាសនេះ សហរដ្ឋអាមេរិកបានយល់ព្រមពន្យារពេលផែនការដំឡើងពន្ធលើ ផលិតផលនាំចូលពីចិនមានតម្លៃ២៥០ពាន់លានដុល្លារ ពីថ្ងៃទី០១ ខែតុលា ទៅថ្ងៃទី១៥ ខែតុលាវិញ។

ប្រទេសចិន និងសហរដ្ឋអាមេរិកបាននិងកំពុងផុងខ្លួនកាន់តែជ្រៅ ទៅក្នុងសង្គ្រាមដំឡើងពន្ធ រាប់រយពាន់លានដុល្លារ ដាក់គ្នាទៅវិញទៅមក ដោយសារតែសហរដ្ឋអាមេរិក បានចោទប្រកាន់ចិនថាបានលួចកេងចំណេញជាច្រើនលើវិស័យ ពាណិជ្ជកម្មជាមួយខ្លួន។ ចំណែកឯចិនក៏បានអះអាងតបវិញថា វាគ្រាន់តែជានយោបាយរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដើម្បីបង្កើនប្រជាប្រិយភាពមុនការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីឆ្នាំ២០២០ និងជាការបង្អាក់សន្ទុះនៃការអភិវឌ្ឍ សេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ចិនតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក កិច្ចចរចាពាណិជ្ជកម្មរវាងក្រុមមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅនៅដើម ខែតុលាខាងមុខនេះ ក្នុងទីក្រុងវ៉ាស៊ីនតោន៕