(បុរីវ៉ាទីកង់)៖ បុរីវ៉ាទីកង់បានប្រកាសឲ្យដឹងថា សម្តេចប៉ាប ហ្វ្រង់ស៊ីស នឹងយាងទៅបំពេញទស្សនកិច្ចចំនួនពីរថ្ងៃ នៅប្រទេសក្នុងតំបន់អាស៊ីនាខែវិច្ឆិកាខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

នៅថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចប៉ាប ហ្រ្វង់ស៊ីស នឹងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ ហើយពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា សម្តេចនឹងបន្តដំណើរទស្សនកិច្ចនៅជប៉ុន។ កំឡុងការស្នាក់នៅក្នុងប្រទេសជប៉ុន សម្តេចនឹងបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ ព្រមទាំងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ជាទីដែលបានទទួលរងការទម្លាក់គ្រាប់បែកបរមាណូអាមេរិក កាលពីចុងសម័យសង្រ្គាមលើកលើកទីពីរ។

គួរជម្រាបថា សម្តេចប៉ាបចុងក្រោយគេ ដែលបានយាងទៅទស្សនកិច្ចគឺសម្តេចប៉ាប ចន ផូល ទី ២ (John Pual II) កាលពីឆ្នាំ១៩៨១ ហើយសម្តេចក៏ជាសម្តេចប៉ាបចុងក្រោយគេ ដែលបានយាងទៅទស្សនកិច្ចនៅប្រទេសថៃផងដែរ គឺកាលពីឆ្នាំ១៩៨៤។ នៅខែវិច្ឆិកា ខាងមុខនេះ នឹងជាដំណើរទស្សនកិច្ចលើកទី ៤ របស់សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅតំបន់អាស៊ី បន្ទាប់ពីសម្តេចធ្លាប់បានទស្សនកិច្ច នៅកូរ៉េខាងត្បូង ស្រីលង្កា ហ្វីលីពីន មីយ៉ាន់ម៉ា និងបង់ក្លាដែស៕