(ហាណូយ)៖ ប្រទេសវៀតណាមបាននាំចេញឈើ និងផលិតផលពីធ្វើឈើជិត ៧.១ពាន់លានដុល្លារ ឬកើនឡើង ១៨.៦ភាគរយនៅក្នុងរយៈពេល ៨ខែដំបូង នៃឆ្នាំ២០១៩នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នំា២០១៩។

រដ្ឋបាលព្រៃឈើវៀតណាមបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះអាចរកចំណូលបាន ៩.៤ពាន់លានដុល្លារពីការនាំចេញឈើ និងផលិតផលធ្វើពីឈើកាលពីឆ្នាំ២០១៨ ហើយទីផ្សារនាំចេញសំខាន់មានដូចជា សហរដ្ឋអាមេរិក ជប៉ុន និងចិនជាដើម។ នៅពេញមួយឆ្នាំ២០១៩ នេះ វៀតណាមមានផែនការរកចំណូលពីការនាំចេញឈើ និងផលិតផលធ្វើឈើ ឱ្យបានរហូតដល់ ១១ពាន់លានដុល្លារ ក្នុងនោះ ៧០០លានដុល្លារពីសហភាពអឺរ៉ុប។

គួរបញ្ជាក់ថា បច្ចុប្បន្នវៀតណាមមានសហគ្រាសផលិតឈើ និងផលិតផលធ្វើពីឈើជិត ៥,០០០កន្លែង ខណៈមានការរំពឹងថា នៅពេលអនាគតការដាំដើមឈើ សម្រាប់ធ្វើអាជីវកម្មលើផ្ទៃដី ៣.៥លានហិកតា នឹងផ្ដល់ឈើប្រមាណពី ៣៥-៤០លានម៉ែត្រគូបក្នុងរយៈពេល ១០ឆ្នាំខាងមុខនេះ៕

Advertising