(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិកកំពុងត្រៀមបញ្ចេញឈ្មោះបុគ្គលម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធក្នុងករណីមហាភេរវកម្មនៅសហរដ្ឋអាមេរិក «១១/កញ្ញា» កាលពី ១៨ឆ្នាំមុន។ នេះបើតាមការដកស្រង់ការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

ក្រសួងយុត្តិធម៌អាមេរិកនឹងបញ្ចេញឈ្មោះ បុគ្គលម្នាក់ដែលគេជឿថា មានទំនាក់ទំនងជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងជាប់ពាក់ព័ន្ធក្នុងករណី ជួយចោរប្លន់យន្តហោះចំនួនពីរគ្រឿង ធ្វើសកម្មភាពវាយប្រហារលើអគារភ្លោះ ក្នុងទីក្រុងញ៉ូយក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ឈ្មោះនោះបានមកពីបញ្ជីមួយ របស់ទីភ្នាក់ងារស៊ើបអង្កេត FBI របស់សហរដ្ឋអាមេរិក មានផ្ទុកឈ្មោះជនជាតិអារ៉ាប៊ីសាអូឌីត ០៣នាក់ ដែលរងការចោទប្រកាន់ថា បានជួយក្នុងករណីភេរវកម្ម «១១/កញ្ញា» ខណៈមានឈ្មោះតែពីរនាក់ក្នុងចំណោមនោះប៉ុណ្ណោះ ដែលត្រូវបានបញ្ចេញនាពេលកន្លងមក។

ឈ្មោះរបស់បុគ្គលពីរនាក់មុនគឺ ហ្វាហេដ អាល់ សាំម៉ៃរី (Fahad al-Thumairy) និង អូម៉ារ អាហ៍ម៉េដ អាល់បាយួមី (Omar Ahmed al-Bayoumi) ដែលសុទ្ធតែជាប់សង្ស័យថា មានទំនាក់ទំនងជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដូចគ្នា ខណៈទីក្រុងរីយ៉ាដបានបដិសេធជាដដែលៗថា ខ្លួនពុំមានជាប់ពាក់ព័ន្ធសកម្មភាពវាយប្រហារភេរវកម្ម «១១/កញ្ញា» ឡើយ។ សម្រាប់ឈ្មោះរបស់បុគ្គលទី ៣ ជាដំបូងនឹងត្រូវចែករំលែកប្រាប់ដល់ក្រុមមេធាវី តំណាងឲ្យគ្រួសារជនរងគ្រោះ។ ក្រោយមកទៀតទើបរដ្ឋអាជ្ញាអាមេរិកនឹងត្រូវអនុញ្ញាត ឲ្យដាក់ញត្តិស្នើទៅកាន់ក្រសួងយុត្តិធម៌អាមេរិក ឲ្យបញ្ចេញឈ្មោះនោះជាសាធារណៈ។

គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកទើបតែរំលឹកខួបទី ១៨ឆ្នាំ នៃថ្ងៃមហាភេរវកម្មដ៏មហាប្រល័យនៅលើទឹកដីខ្លួន ដែលបានផ្តាច់ជីវិតមនុស្សសរុបដល់ទៅជិត ៣,០០០នាក់៕

Advertising