(តូក្យូ)៖ រដ្ឋាភិបាលទីក្រុងតូក្យូបានដាក់ពាក្យតវ៉ារួចហើយ ពាក់ព័ន្ធទៅនឹងទូកបំពាក់កាំភ្លើងរបស់កូរ៉េខាងជើង ដែលជប៉ុនចោទថា បានបំពានចូលមកកាន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ ស្ថិតនៅក្នុងដែនសមុទ្រជប៉ុនកាលពីថ្ងៃទី២៣ ខែសីហា និងបានបញ្ចេញសកម្មភាពបង្កហេតុថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

Sputnik ដោយផ្អែកលើការផ្សាយរបស់សារព័ត៌មានជប៉ុន Kyodo បានឲ្យដឹងទៀតថា នាវាដឹកទំនិញមួយគ្រឿងរបស់កូរ៉េខាងជើង អមដោយទូកបំពាក់កាំភ្លើងមួយគ្រឿងទៀត បានធ្វើដំណើរមកក្នុងតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន (exclusive economic zone) នៅថ្ងៃទី២៣ ខែសីហា ហើយមួយថ្ងៃបន្ទាប់ទៀតពួកគេក៏បានចាកចេញទៅវិញ។ អ្វីដែលជប៉ុនមិនសុខចិត្តខ្លាំងនោះ គឺទូកបំពាក់កាំភ្លើងរបស់កូរ៉េខាងជើង ថែមទាំងបានតម្រង់កាណុងកាំភ្លើង ដាក់នាវាល្បាតដែនសមុទ្ររបស់ជប៉ុនទៀតផង។

ជុំវិញបញ្ហាខាងលើនេះ ប្រធានលេខាធិការដ្ឋាននៃគណៈរដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះថា «យើងជឿជាក់ថា នាវាទាំងនោះគឺមកពីប្រទេសកូរ៉េខាងជើង។ យើងបានដាក់ពាក្យតវ៉ារួចហើយ តាមរយៈស្ថានទូតរបស់យើងនៅទីក្រុងប៉េកាំង។» បន្ថែមពីនេះជប៉ុនក៏បានជឿជាក់ដែរថា នាវាទាំងនោះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពនេសាទ ដោយខុសច្បាប់របស់កូរ៉េខាងជើង នៅក្នុងដែនទឹកជាកម្មសិទ្ធិផ្តាច់មុខរបស់ជប៉ុន៕

Advertising