(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) ជឿជាក់ថា សង្គ្រាមនៅប្រទេសស៊ីរីបានឈានទៅរកទីបញ្ចប់ទៅហើយ ដូច្នេះអ្វីដែលគ្រប់គ្នាត្រូវធ្វើជាបន្តទៅទៀតនាពេលនេះ គឺការព្យាយាមដោះស្រាយវិបត្តិនានា ដែលបានអូសបន្លាយជាយូរមកហើយ ទាំងនៅក្នុងប្រទេសស៊ីរី និងនៅទូទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតក្នុងស្រុកមួយរបស់រុស្ស៊ី លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ឡាវរ៉ូវ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សង្គ្រាមនៅប្រទេសស៊ីរីពិតជាបានឈាន ទៅរកទីបញ្ចប់មួយហើយ។ ប្រទេសនេះកំពុងតែឈានទៅរកភាពប្រក្រតីឡើងវិញ នោះគឺជាជីវិតប្រកបដោយសន្តិភាព។ ដោយឡែកតំបន់ក្តៅមួយចំនួន នៅតែបន្តស្ថិតនៅក្នុងការ ប្រយុទ្ធគ្នានៅឡើយ ដូចជាខេត្តអ៊ីដលីព (Idlib) និងភាគខាងកើតទន្លេអឺប្រាត (Euphrates) ប៉ុន្តែតំបន់ទាំងនោះមិនស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលស៊ីរីឡើយ...»

អ្វីដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកឡើងនេះ គឺជាការអំពាវនាវឲ្យសហគមន៍អន្តរជាតិ បង្កើនការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ស៊ីរី ដើម្បីជួយប្រជាជនរាប់លាននាក់ក្នុងប្រទេសនេះ ដែលកំពុងជួបការលំបាកវេទនា ដោយសារតែជីវភាពរស់នៅ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានរលាយខ្ទេចខ្ទីក្នុងសង្គ្រាមជាង ៨ឆ្នាំ។ បន្ថែមពីនេះលោកក៏បានរំលឹកឲ្យអន្តរជាតិ និងប្រទេសនៅក្នុងតំបន់ គួរនាំគ្នាជួយរក្សាសន្តិភាពដ៏យូរអង្វែងសម្រាប់ស៊ីរី ដើម្បីជាប្រយោជន៍ដល់ស្ថិរភាព នៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលផងដែរ។

សង្រ្គាមស៊ីរីបានផ្ទុះឡើងតាំងពីឆ្នាំ២០១១ ហើយវាបានធូរស្រាលខ្លាំងឈានមកដល់ឆ្នាំ២០១៩ ហើយបើទោះជាការវាយប្រយុទ្ធគ្នា នៅតែបន្តកើតឡើងក៏ដោយ ក៏អ្វីដែលជារឿងសំខាន់បច្ចុប្បន្ននេះ គឺស្វែងរកដំណោះស្រាយនយោបាយ និងជួយសម្រួល ដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនស៊ីរីរាប់លាននាក់ ដែលកំពុងរស់នៅបណ្តាប្រទេសជិតខាងដូចជាតួកគី អ៊ីរ៉ាក់ លីបង់ ហ្សកដានី និងជាពិសេសនៅទ្វីបអឺរ៉ុបតែម្តង។

គួរបញ្ជាក់ថា ស៊ីរីគឺជាប្រទេសដ៏ចំណាស់មួយនៅពិភពអារ៉ាប់ ដែលមានអរិយធម៌ជាង ៥,០០០ឆ្នាំ ហើយប្រទេសនេះនៅមុនសង្គ្រាមឆ្នាំ២០១១ ក៏មានសេដ្ឋកិច្ចរីកចំរើនខ្លាំងផងដែរ ដោយសារតែវិស័យទេសចរណ៍ដ៏រីកចំរើន និងការនាំចេញប្រេងទៅកាន់ទីផ្សារពិភពលោក ដែលស្មើនឹងជាង ២៥ភាគរយ នៃប្រាក់ចំណូលជាតិសរុបនៅឆ្នាំ២០១០ ជាមួយនឹងប្រជាជនជាង ២០លាននាក់។ ប៉ុន្តែក្រោយកើតមានសង្គ្រាម អ្វីៗគ្រប់យ៉ាងស្ទើរធ្លាក់ដល់ចំណុចសូន្យតែម្តង ខណៈប្រជាជនដែលបានស្លាប់ដោយសារសង្គ្រាម គិតត្រឹមឆ្នាំ២០១៨ គឺមានចំនួនជាងកន្លះលាននាក់៕