(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងមិនស្នើឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) កាន់តួនាទីមួយទៀតគឺជាទីប្រឹក្សាសន្តិសុខជាតិឡើយ ហើយលោកបានប្រាប់ថា លោកមានបេក្ខជនបម្រុងប្រមាណ ១៥នាក់ឯណោះសម្រាប់តំណែងនេះ។ នេះបើតាមការចេញដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

បន្ទាប់ពីមានព័ត៌មានចេញផ្សាយថា ក្រុមមន្រ្តីនៅសេតវិមានបានពិភាក្សាគ្នា និងចង់ឲ្យលោក Pompeo ឡើងកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិ បន្ថែមពីលើតំណែងជារដ្ឋមន្រ្តីការបរទេសរបស់លោកនោះ ពេលនេះលោក ដូណាល់ ត្រាំ បានចេញមុខបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា លោកនឹងមិនធ្វើបែបនោះឡើយ។ លោក ត្រាំ បាននិយាយថា ពេលនេះលោកមានបេក្ខជន ១៥នាក់ សម្រាប់ជ្រើសរើសឲ្យកាន់តំណែងនេះ ខណៈនៅសប្តាហ៍ក្រោយលោកប្រហែលជានឹងត្រូវសម្រេចចិត្តថា នឹងយកបុគ្គលម្នាក់ណា។

គួរជម្រាបថា អ្នកដែលកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិចុងក្រោយគេរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ គឺលោក ចន បូលតុន (John Bolton)។ លោក Bolton ត្រូវបានលោក ត្រាំ បណ្តេញចេញពីតំណែងក្នុងសប្តាហ៍នេះក្រោមហេតុផលថា មិនត្រូវគ្នាជាមួយលោក ជាពិសេសពាក់ព័ន្ធគោលនយោបាយកូរ៉េខាងជើង អ៊ីរ៉ង់ និងវេណេស៊ុយអេឡា៕