(ប៉ារីស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បានយល់ព្រមបង់ប្រាក់ពិន័យចំនួន៥០០លានអឺរ៉ូ (៥៤៨លានដុល្លារ) នៅក្នុងប្រទេសបារាំង ដើម្បីបិទបញ្ចប់ការស៊ើបអង្កេតមួយពាក់ករណីគេចពន្ធ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ការិយាល័យរដ្ឋអាជ្ញាបារាំងនាថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ការស៊ើបអង្កេតខាងលើបានចាប់ផ្តើមឡើងកាលពី៤ឆ្នាំមុន ដោយ ក្រុមអ្នកស៊ើបអង្កេតបារាំង បានព្យាយាមស្រាវជ្រាវរកការពិតថា តើក្រុមហ៊ុន Google បានគេចមិនបង់ពន្ធនៅប្រទេសបារាំងមែន ឬក៏យ៉ាងណា។ ទីបំផុតឥឡូវនេះ Google បានសម្រេចបង់ប្រាក់ពិន័យ៥៤៨លានដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង។

គួរជម្រាបថា ក្រុមហ៊ុនអាមេរិក Google ដែលស្ថិតក្រោមក្រុមហ៊ុនធំមួយទៀតគឺ Alphabet Inc. មានទីស្នាក់កណ្តាលប្រចាំតំបន់អឺរ៉ុប នៅឯទីក្រុង Dublin របស់ប្រទេសអៀឡង់ ប៉ុន្តែក្រុមហ៊ុនក៏មានសកម្មភាពមួយចំនួនតូច នៅក្នុងប្រទេសអឺរ៉ុបដទៃទៀតដែរ៕

Advertising