(ម៉ូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) នៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា ពិភពលោកកំពុងកាន់ខិតជិតដល់មាត់ជ្រោះ នៃសង្រ្គាមនុយក្លេអ៊ែរហើយ ដោយសារតែការបំផ្លាញស្ថេរភាពសកលលោកនាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។

លោក Sergei Ryabkov ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយនៅឯទីក្រុងម៉ូស្គូ ដោយលោកចង់សំដៅទៅលើការគំរាមដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START។ លោក Ryabkov បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ស្ថេរភាពពិភពលោកសព្វថ្ងៃកាន់តែ វិវត្តទៅរកស្ថានភាពអាក្រក់ឡើងៗ... ហើយដែលនេះធ្វើឱ្យពិភពលោកទាំងមូល កំពុងប្រឈមមុខនឹងហានិភ័យនៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ បើទោះជាភាគីទាំងអស់ មិនមានបំណងចាប់ផ្ដើមសង្រ្គាមនុយក្លេអ៊ែរក៏ដោយ»

គួរជម្រាបថា កិច្ចព្រមព្រៀង New START ត្រូវបានចុះហត្ថលេខាដោយរុស្ស៊ី និងសហរដ្ឋអាមេរិកកាលពីខែមេសា ឆ្នាំ២០១០ ហើយផ្អែកលើសន្ធិសញ្ញានេះ មហាអំណាចយោធាទាំង ២ ត្រូវបានកំហិតក្នុងការបង្កើន ឬអភិវឌ្ឍន៍ក្បាលគ្រាប់ ឬអាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញានេះនឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២១ ប៉ុន្តែទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីហាក់ដូចជាកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ជុំវិញការបន្តសន្ធិញ្ញានេះ បន្ទាប់ពីភាគីទាំងពីទើបតែដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF រួចទៅហើយនោះ៕