(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀន ឡុង (Lee Hsien Loong) នឹងបង្ហាញខ្លួនដើម្បីផ្ដល់ សក្ខីកម្មនៅចំពោះមុខតុលាការ បើសិនជាពាក្យបណ្ដឹង បរិហារកេរ្តិ៍របស់លោក ប្រឆាំងនិពន្ធនាយកកាសែត The Online Citizen (TOC) លោក Terry Xu ត្រូវបានតុលាការយកមកជំនុំជម្រះ។ នេះបើតាម អ្នកនាំពាក្យរបស់លោក លី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។

លោក លី សៀន ឡុង បានដាក់ពាក្យប្ដឹងនិពន្ធនាយកកាសែត TOC លោក Terry Xu ពីបទបរិហារកេរ្តិ៍រ ជុំវិញការចុះផ្សាយអត្ថបទមួយកាលពីខែសីហាកន្លងទៅ ដោយលើកឡើងម្ដងហើយម្ដងទៀតពីការចោទ ប្រកាន់ពីសំណាក់របស់ប្អូនស្រីរបស់លោក គឺលោកស្រី Lee Wei Ling ពាក់ព័ន្ធនឹងជម្លោះផ្ទះមួយខ្នង នៃគ្រួសារត្រកូលលី ស្ថិតនៅផ្លូវ 38 Oxley។

ដោយឡែក បើតាមមេធាវីការពារក្ដីឱ្យលោកនាយករដ្ឋមន្ត្រីសិង្ហបុរី អត្ថបទចុះផ្សាយខាងលើគឺជារឿងមិន ពិត និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់លោក លី ជាពិសេស ការចោទប្រកាន់ថាលោក លី សៀន ឡុង បានភូតកុហកឪពុកខ្លួនឯង គឺអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ក្វាន់ យូ ថាផ្ទះនៅផ្លូវ 38 Oxley ត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋហើយ ដែលនេះមិនចាំបាច់ត្រូវបំផ្លាញផ្ទះមួយខ្នងនេះទេ។

គួរបញ្ជាក់ថា លោក លី ក្វាន់យូ បានរស់នៅក្នុងផ្ទះ នៅឯផ្លូវ 38 Oxley អស់រយៈពេលជាង៩១ឆ្នាំ ប៉ុន្តែ មុននឹងស្លាប់ លោកមានបំណងបំផ្លាញផ្ទះនេះចោល ដោយសារតែបើផ្ទះនេះនៅ នោះគេមិនអាចសង់ផ្ទះ ឬអគារក្បែរខ្ពស់ជាងផ្ទះរបស់លោកបានឡើយ។ ចំណែកឯ កូនទាំងបីគឺលោក លី សៀន ឡុង, លោក លី សៀន យ៉ាង (Lee Hsien Yang) និងលោកស្រី លី វឺយ លីង (Lee Wei Ling) ក៏បានយល់ព្រមធ្វើតាម បណ្ដំានេះដែរ។ ប៉ុន្តែក្រោយមក ប្អូនទាំងពីរនាក់នេះ បែរជាចោទប្រកាន់លោក លី សៀន ឡុង ថាមិន ចង់បំផ្លាញផ្ទះនេះទេ ដោយចង់រក្សាទុកវាជាមរតករបស់ឪពុក៕