(ពិភពលោក)៖ នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មេដឹកនាំកំពូលកូរ៉េខាងជើងបានទស្សនា និងបញ្ជាដោយផ្ទាល់ នូវការបាញ់សាកល្បងប្រព័ន្ធ ឬជើងទម្រងគ្រាប់រ៉ុក្កែតខ្នាតយក្ស ដែលអាចបាញ់ម្តងបានជាច្រើនគ្រាប់ (super-large multiple rocket launcher) ក្រោយបង្ហាញពីបំណងចង់ចរចាជាមួយ សហរដ្ឋអាមេរិកឡើងវិញ នៅក្នុងខែកញ្ញានេះ៕

 

២៖ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះបានព្រមានថា ការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ «គឺជាផ្លូវគ្មានច្រកចេញ» ដែលនឹងនាំទៅរកភាពបរាជ័យ ហើយវានឹងបរាជ័យកាន់តែឆាប់ ប្រសិនបើពួកគេពឹងផ្អែកលើការប្រើកម្លាំងបាយ៕

 

៣៖ នាយករដ្ឋមន្ត្រីលីប៊ីគាំទ្រដោយអង្គការសហប្រជាជាតិ លោក ហ្វាយែស ស៊ែរ៉ាច (Fayez Serraj) បាននិយាយថា ភាគីនៅក្នុងស្រុក និងអន្តរជាតិមួយចំនួនបាន និងកំពុងបង្កឧបសគ្គដល់ការជំហាននយោបាយរបស់ប្រទេសលីប៊ី កំឡុងកិច្ចប្រជុំជាមួយគណៈកម្មាធិការ ធ្វើសេចក្តីព្រៀងរដ្ឋធម្មនុញ្ញនាពេលថ្មីៗនេះ៕

 

៤៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ស្វាគមន៍ចំពោះការបណ្ដេញទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក ចន បូលតុន (John Bolton) ចេញពីតំណែង ពីព្រោះការសម្រេចចិត្តនេះនឹង ទប់ស្កាត់កុំឱ្យសង្គ្រាមផ្ទុះឡើង៕

 

៥៖ អធិការបតីអាល្លឺម៉ង់លោកស្រី អ៊ែនជែឡា មើគែល (Angela Merkel) នាថ្ងៃពុធនេះបាននិយាយថាសង្រ្គាមពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាមេរិក និងប្រទេសចិនកំពុងតែប៉ះពាល់ខ្លាំងឡើងៗ ដល់ប្រទេសរបស់លោកស្រីហើយ៕

 

៦៖ ពលរដ្ឋអូស្ត្រាលីបីនាក់ត្រូវបានចាប់ និងឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយពុំទាន់មានការបញ្ជាក់ពី មូលហេតុឱ្យបានច្បាស់នៅឡើយទេ៕