(ហុងកុង)៖ ក្រុមហ៊ុនទីផ្សារភាគហ៊ុនហុងកុង HKEX (Hong Kong Exchanges) បានចាប់ផ្តើមដំណើរការដេញថ្លៃដើម្បីទិញយក ក្រុមហ៊ុនផ្សារភាគហ៊ុនក្រុងឡុងដ៍ LSE (London Stock Exchange Group Plc) រួចហើយរួមបញ្ចូលគ្នា ឲ្យក្លាយទៅជាទីផ្សារភាគហ៊ុនដ៏ធំធេងមួយលើលោក។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះរបស់ក្រុមហ៊ុន HKEX តម្លៃនៃការទិញនោះមានទំហំ ២៩.៦ពាន់លានផោន ដែលស្មើនឹង ៣៦.៦ពាន់លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនទីផ្សារភាគហ៊ុនហុងកុង បានចំណាយពេលជាច្រើនខែមកហើយ ដើម្បីពិចារណាអំពីកិច្ចព្រមព្រៀង​ពោរពេញដោយមហិច្ឆតានេះ។ យ៉ាងណាមិញ ក្រុមហ៊ុនទីផ្សារភាគហ៊ុនទីក្រុងឡុងដ៍ LSE របស់អង់គ្លេស នៅមិនទាន់ធ្វើការឆ្លើយតបអ្វីនៅឡើយទេ។

ដោយឡែក ប្រធានប្រតិបត្តិនៃ HKEX លោក ឆាឡែស លី (Charles Li) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការនាំយក HKEX និង LSEG មករួមបញ្ចូនគ្នា វានឹងដឹកនាំទីផ្សារមូលធនសកលសម្រាប់ទសវត្សរ៍ខាងមុខ។ ក្រុមដែលបានរួមបញ្ចូលគ្នា នឹងត្រូវដាក់ឲ្យដំណើរការយ៉ាងស្វាហាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ពីចរន្តម៉ាក្រូសេដ្ឋកិច្ច ខណៈពេលដែលកំពុងធ្វើការពង្រឹង ដំណើរការប្រកបដោយនិរន្តរភាពនៃទីផ្សារភាគហ៊ុនក្រុងឡុងដ៏ និងហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល»។

គួរជម្រាបថា ក្រុមហ៊ុន HKEX និង LSE សុទ្ធតែធ្លាប់ពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀង ដើម្បីរួមបញ្ចូលគ្នាបែបនេះ ដោយក្រុមហ៊ុន LSE ក៏ធ្លាប់បានបរាជ័យក្នុងការព្យាយាម​ទិញក្រុមហ៊ុនទីផ្សារហ៊ុន Deutsche Boerse AG របស់អាល្លឺម៉ង់ផងដែរ។ រីឯក្រុមហ៊ុន HKEX វិញ បានទិញយកក្រុមហ៊ុនជួញដូរហ៊ុនខាងវិស័យលោហៈធាតុ នៃទីក្រុងឡុងដ៍ LME កាលពីឆ្នាំ២០១២ ក្នុងតម្លៃ ១.៧ពាន់លានដុល្លារ៕