(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នាថ្ងៃពុធនេះ បាននិយាយថា ការស្រេកឃ្លានចង់បានសង្រ្គាមរបស់​សហរដ្ឋអាមេរិកនឹងទទួលបរាជ័យ ហើយស្របពេលជាមួយគ្នា លោកបានព្រមានថា នឹងកាន់តែបន្ថយការគោរពចំពោះកិច្ច​ព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។

កំឡុងកិច្ចប្រជុំមួយជាមួយគណៈរដ្ឋមន្រ្តីរបស់លោក ដែលត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នាថ្ងៃពុធនេះ លោក​ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយដូច្នេះថា «អាមេរិកត្រូវតែយល់ឲ្យច្បាស់ថា ការស្រឡាញ់និងស្រេកឃ្លានចង់បានសង្រ្គាម គឺមិន​អាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ ដូច្នោះហើយត្រូវតែបោះបង់គោលគំនិតបែបនេះចោលទៅ»។ លោក Rouhani បាន​បន្តថា «ខណៈសត្រូវបានដាក់សម្ពាធជាអតិបរមាមកលើយើង ពួកយើងត្រូវបានឆ្លើយតប តាមរយៈការតស៊ូជម្នះ» ដែលទំនង​ជាចង់សំដៅលើការដាក់ទណ្ឌកម្មរបស់អាមេរិក និងបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

គួរជម្រាបថា ការផ្សាយសម្តីលោក Rouhani បានកើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បានចេញមុខស្វាគមន៍​ចំពោះការបណ្តេញទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ចេញពីតំណែង ដោយថាការសម្រេចចិត្តនេះរបស់​លោក ដូណាល់ ត្រាំ នឹងទប់ស្កាត់កុំឲ្យផ្ទុះសង្រ្គាម។

លោក Bolton ត្រូវគេស្គាល់ថា ជាអ្នកនយោបាយអាមេរិកសង្រ្គាមនិយម ដោយ​​រូបលោកនេះហើយ គឺជាបុគ្គលដ៏សំខាន់ ដែលបានជំរុញឲ្យអតីតប្រធានាធិបតីអាមេរិកលោក ចន ដាប៊ែលយូ ប៊ូស ចូលឈ្លានពានប្រទេសអ៊ីរ៉ាក់នៅឆ្នាំ២០០៣។ លោក Bolton ត្រូវបានតែងតាំងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨។ មុនលោក Bolton មានបុគ្គលពីរនាក់​ទៀតធ្លាប់កាន់តួនាទីនេះ ក្រោមរដ្ឋបាលលោក ត្រាំ គឺលោក Michael Flynn (ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧) និងលោក H. R. McMaster (ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨)៕