(ឆាងអាន-ចិន)៖ លោក Hu Chunhua អនុនាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋ របស់សាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា ខេត្ត Shaanxi គឺជាសោសម្រាប់បើកទ្វារ ប្រទេសចិន។

លោក Hu Chunhua បានថ្លែងបែបនេះ នៅក្នុងវេទិកាសេដ្ឋកិច្ចអាស៉ី-អឺរ៉ុប ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើង រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងឆាងអាន ខេត្ត Shaanxi ប្រទេសចិន។

ក្នុងឱកាសនោះ លោកអនុនាយករដ្ឋមន្ត្រី បានណែនាំ អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ខេត្ត Shaanxi។ លោកថ្លែងថា «Shaanxi គឺជាសោសម្រាប់បើកទ្វារប្រទេសចិនទាំងមូល»

លោក Hu Chunhua បានបញ្ជាក់បន្តថា ទីក្រុងឆាងអាន គឺជាចំណុចចាប់ផ្តើម នៃខ្សែក្រវាត់ និងផ្លូវ។ សម្រាប់គម្រោង ដែលត្រូវអភិវឌ្ឍន៍ នាថ្ងៃអនាគតគឺ ជំនួយពាណិជ្ជកម្ម ទេសចរណ៍ និងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចអាស៉ី-អឺរ៉ុប តែងតែត្រូវបានរៀបចំឡើងរយៈពេល ២ឆ្នាំម្ដងដោយមានការឯកភាពពីក្រុមប្រឹក្សារដ្ឋចិន និងពីសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងនាមជាស្ថាប័នដ៏សំខាន់។ តាំងពីបង្កើតឡើងនៅឆ្នាំ២០០៥ កន្លងមក គេបានរៀបចំវេទិកាសេដ្ឋកិច្ចអាស៉ី-អឺរ៉ុប ចំនួន៧លើករួចមកហើយ។

លោក ស៉ីន ជិនពីង ប្រធានាធិបតីចិន និងថ្នាក់ដឹកនាំមកពីរដ្ឋដទៃទៀត ក៏ធ្លាប់បានចូលរួមនៅក្នុងកម្មវិធីនេះ និងធ្លាប់បានចែករំលែកនូវខ្លឹមសារសំខាន់ៗមួយចំនួនផងដែរ។

វេទិកាសេដ្ឋកិច្ចអាស៉ី-អឺរ៉ុប មានគោលបំណងលើកស្ទួយការកសាងភាពជាដៃគូ ក្នុងចំណោមប្រទេសនានា អង្គការអន្តរជាតិនានា ឧស្សហកម្មសំខាន់ៗនានា និងរដ្ឋាភិបាលក្នុងតំបន់នានាផងដែរ ក៏ដូចជាជំរុញឲ្យប្រទេសចិន និងប្រទេសដទៃទៀតបង្រួបបង្រួមសាម្គីភាព ដោះស្រាយបញ្ហារួមគ្នា ធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅ សម្រាប់សង្គមជាមួយនឹងជោគវាសនារួមគ្នា៕