(ម៉ូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានអះអាងថា ទីក្រុងម៉ូស្គូ ជិតបញ្ចប់ទាំងស្រុងនូវការរៀបចំវិធានការឆ្លើយតប ឱ្យដូចគ្នាទៅនឹងសហរដ្ឋអាមេរិក ដែលបាន សាកល្បងមីស៊ីល កាលខែសីហាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

លោក Alexander Grushko ធ្វើការកត់សម្គាល់ខាងលើប្រាប់សារព័ត៌មានរុស្ស៊ី RIA នៅថ្ងៃអង្គារនេះ។ សហរដ្ឋអាមេរិក កាលពីខែសីហា បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ហោះ បានចំងាយជាង៥០០គីឡូម៉ែត្រ មុននឹងវាធ្លាប់ចំគោលដៅ ហើយការធ្វើតេស្ដនេះទៀតសោត កើតមានឡើង ខណៈមានការព្រួយបារម្ភជាច្រើនថាការរត់ប្រណំាងសព្វាវុធ ឬសង្រ្គាមត្រជាក់ អាចនឹងផ្ទុះឡើងជាថ្មី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ដកខ្លួនជាផ្លូវការចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF។

គួរជម្រាបថា ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀង INF ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី សុទ្ធតែ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមអភិវឌ្ឍមីស៊ីលរៀងៗខ្លួន ជាពិសេសគឺមីស៊ីល ឬប្រព័ន្ធ អាវុធលឿនជាងសំឡេងតែម្ដង៕