(វ៉ាស៊ីនតោន)៖ កងឆ្មាំសមុទ្រអាមេរិកបានឲ្យដឹងថា នាវិកទាំង៤នាក់ ដែលជាប់ខ្លួននៅក្នុងកប៉ាល់ដឹកទំនិញដ៏ធំមួយ ដែលបាន​ក្រឡាប់លិចមួយចំហៀងខ្លួន នៅក្បែររដ្ឋ Georgia សហរដ្ឋអាមេរិក គឺនៅមានជីវិត និងត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមការបញ្ជាក់របស់ឆ្មាំសមុទ្រអាមេរិក នាវិក៣ដំបូងត្រូវបានជួយសង្រ្គោះមុន បន្ទាប់មកទើបនាវិកម្នាក់ចុងក្រោយ ត្រូវ​បានជួយសង្រ្គោះ។ សម្រាប់ជំហានបន្ទាប់ទៀត កងឆ្មាំសមុទ្រអាមេរិកផ្តោតប្រតិបត្តិការទៅលើការយកកប៉ាល់ដឹកទំនិញនោះ​ចេញពីផ្ទៃទឹក។

គួរជម្រាបថា កប៉ាល់ដឹកទំនិញឈ្មោះថា Golden Ray ដែលមានផ្ទុកនាវិកសរុប២៤នាក់ ព្រមទាំងយានយន្តរាប់ពាន់គ្រឿងនោះ បានក្រឡាប់លិចមួយចំហៀងខ្លួន នៅតំបន់ St. Simons Sound ក្បែរឆ្នេរនៃរដ្ឋ Georgia ភាគអាគ្នេយ៍សហរដ្ឋអាមេរិក កាលពី​ថ្ងៃអាទិត្យកន្លងទៅនេះ ក្រោយចាកចេញពីទីក្រុង Brunswick នៃរដ្ឋ Georgia ដើម្បីឆ្ពោះទៅទីក្រុង Baltimore នៃរដ្ឋ Maryland។

ក្រោយពេលកើតហេតុភ្លាម នាវិក២០នាក់ ត្រូវបានជួយសង្រ្គោះ ប៉ុន្តែប្រតិបត្តិការត្រូវបានផ្អាក ព្រោះតែមានភ្លើងឆេះលើកប៉ាល់​។ នាវិក៤នាក់ចុងក្រោយដែលត្រូវបានជួយសង្រ្គោះ គឺសុទ្ធតែជាជនជាតិកូរ៉េខាងត្បូង ខណៈកប៉ាល់ដឹកទំនិញ Golden Ray ជា​កម្មសិទ្ធិរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Glovis។ រីឯមូលហេតុនៅពីក្រោយគ្រោះថ្នាក់ក្រឡាប់លិចកប៉ាល់នេះវិញ គឺកំពុងបន្ត​ស្ថិតក្រោមការស៊ើបអង្កេត៕