(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋាភិបាលទីក្រុងហុងកុងបានចេញមុខព្រមាន ទៅនឹងការលូកដៃចូលអន្តរាគមន៍ពីបរទេស ក្រោយក្រុមបាតុករ ទើបតែនាំគ្នាដង្ហែរក្បួនតវ៉ា ទៅដល់ស្ថានកុងស៊ុលអាមេរិក និងប្រកូកប្រកាសសុំការជួយជ្រោមជ្រែង ពីទីក្រុងវ៉ាស៊ីនតោន៕

២៖ វែបសាយព័ត៌មានពាក់ព័ន្ធវិស័យការពារជាតិ Defense One បានរាយការណ៍ថាយោធាអាមេរិកកំពុង បន្តអភិវឌ្ឍន៍គ្រឿងយន្ត-រ៉ូបូត ឬមនុស្សយន្តសម្រាប់ធ្វើសង្រ្គាមនាពេលអនាគត៕

៣៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃចន្ទនេះ បានផ្ញើសារអបអរសាទរមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពោះខួប៧១ឆ្នាំនៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៕

៤៖ ញ្ហាស្ទះចរាចរណ៍នៅក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីនបាន និងកំពុងឆាបយកអាយុជីវិតអ្នកជំងឺជាច្រើននាក់ ដោយសារតែរថយន្ដសង្រ្គោះបន្ទាន់របស់ពួកគេ ត្រូវកកស្ទះរាប់សិបនាទីមុននឹងទៅដល់មន្ទីរពេទ្យ៕

៥៖ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways (BA) បានប្រឈមមុខនឹងកូដកម្មរបស់ក្រុមអាកាសយានិក ទ្រង់ទ្រាយធំមួយជាលើកដំបូង នៅថ្ងៃចន្ទនេះ ខណៈជើងហោះហើរប្រមាណ ១,៥០០ ស្ទើរតែទាំងអស់របស់ក្រុមហ៊ុនមួយនេះ ត្រូវបានសម្រេចឲ្យបញ្ឈរជើងរយៈពេល ០២ថ្ងៃ គឺថ្ងៃចន្ទ និងអង្គារដើមសប្តាហ៍នេះតែម្តង៕

៦៖ ក្រោយការប្រយុទ្ធគ្នាដ៏បង្ហូរឈាមអស់រយៈពេលជាច្រើនខែមកនេះ នៅទីក្រុងទ្រីប៉ូលីកងទ័ពរបស់រដ្ឋាភិបាលលីប៊ី GNA (គាំទ្រដោយ UN) ហាក់មានប្រៀប ជាងយោធាលីប៊ីភាគខាងកើត (LNA) ដែលបានចូលទៅឈ្លានពានខ្លួន ដោយយោធា LNA បានបាត់បង់កម្លាំងយ៉ាងច្រើន៕