(ឡុងដ៍)៖ នាយកប្រតិបត្តិ (CEO) ក្រុមអាកាសចរណ៍អង់គ្លេស British Airways លោក អេឡិច គ្រូស (Alex Cruz) បានស្នើឱ្យសហជីពអវកាសយានិក ឬពីឡុតអង្គុយចុះជជែកគ្នា ដើម្បីស្វែងរកការដោះស្រាយរឿងប្រាក់ឈ្នូលជាមួយការរំពឹងថា ជម្លោះអាចនឹងត្រូវបានផ្សះផ្សាក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

លោក Alex Cruz បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការប្ដេជ្ញាចិត្តរបស់យើងគ្រប់គ្នានៅឯ British Airways នោះគឺដោះស្រាយជម្លោះឱ្យមានលឿន តាមដែលអាចធ្វើទៅបាន ហើយយើងស្នើក្រុមសហជីពអង្គុយចុះចរចាគ្នា ដើម្បីដោះស្រាយបញ្ហា និងស្វែងរកកិច្ចព្រមព្រៀងរវាងគ្នា»

គួរជម្រាបថា កាលពីថ្ងៃទី២៣ ខែសីហា សមាគមពីឡុតអង់គ្លេស BALPA បានប្រកាសថាខ្លួននឹងធ្វើកូដកម្មមិនចូលធ្វើការ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែកញ្ញា និងនៅថ្ងៃទី២៧ ខែកញ្ញា ដើម្បីតវ៉ាចំពោះប្រាក់ឈ្នួលក្នុងពេលបច្ចុប្បន្ន។ ដោយឡែក បើតាមសារព័ត៌មានអង់គ្លេស Telegraph ក្រុមហ៊ុន British Airways បានលុបចោលជើងហោះហើរចំនួន ១,៥០០ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរជាង ២៨០,០០០នាក់ និងខាងបង់ថវិកាជាង ៨០លានផោន ឬជាង ៩៨លានដុល្លារ៕