(ញូដេលី)៖ ខណៈបេសកកម្មចុះចតនៅឋានព្រះច័ន្ទ Chandrayaan-2 របស់ឥណ្ឌា បានជួបបញ្ហាក៏ដោយ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO នៅមានគម្រោង​ប្រកបមហិច្ឆតាជាច្រើនផ្សេងទៀត ដែលនឹងប្រព្រឹត្តទៅជាបន្តបន្ទាប់​ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

កាលពីឆ្នាំ២០០៩ ឥណ្ឌាបានបញ្ជូនយានអវកាសមួយគ្រឿងជាប្រភេទផ្កាយរណប ក្នុងបេសកកម្ម Chandrayaan-1 ឲ្យទៅសិក្សាអំពីព្រះច័ន្ទជាលើកដំបូង។ នៅឆ្នាំនេះ ឥណ្ឌាបានចេញបេសកកម្មជាលើកទីពីរទៅកាន់ព្រះច័ន្ទ (Chandrayaan-2) ដែលមានយានផ្កាយរណបផង និងយានចុះចតផង។ ប៉ុន្តែកាលពីថ្ងៃសៅរ៍សប្តាហ៍មុន យានចុះចតរបស់បេសកកម្ម ក៏បានដាច់ការទាក់ទងនៅកម្ពស់ ២គីឡូម៉ែត្រ ពេលកំពុងព្យាយាមចុះទៅផ្ទៃព្រះច័ន្ទ។ ឥឡូវនេះទីភ្នាក់ងារអវកាស ISRO ទើបតែប្រាប់ថា បានប្រទះឃើញយាននោះនៅលើផ្ទៃព្រះច័ន្ទ តែមិនដឹងច្បាស់ថា ស្ថានភាពទៅជាយ៉ាងណានៅឡើយទេ ដោយពួកគេកំពុងព្យាយាមតភ្ជាប់ទំនាក់ទំនងជាមួយវា ឡើងវិញដែលអាចប្រើពេល ១៤ថ្ងៃជាមួយក្តីសង្ឃឹមតិចតួចបំផុត។

យ៉ាងណាក៏ដោយ ឥណ្ឌាមានគម្រោងបេសកកម្ម Chandrayaan-3 រួចស្រេចទៅហើយ ដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានឆ្នាំទៀត។ ជាមួយគ្នានេះ ឥណ្ឌាក៏មានគោលដៅចង់បញ្ជូនអវកាសយានិក ឲ្យទៅជាន់ដីនៃឋានព្រះច័ន្ទថែមទៀតផង។ ក្រៅពីព្រះច័ន្ទ ឥណ្ឌាមានមហិច្ឆតាចេញបេសកកម្មឆ្លងទៅកាន់ភពដទៃទៀត រួមមានភពអង្គារ (Mars) និងភពសុក្រ (Venus) ជាដើម ហើយឥណ្ឌាក៏ចង់បញ្ជូនអវកាសយានិក​ទៅកាន់ទីអវកាសផងដែរ។

សម្រាប់បេសកកម្ម Chandrayaan-3 ដែលត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣ ឥណ្ឌានឹងសហការជាមួយជប៉ុន។ កាលពីឆ្នាំ២០១៤ ឥណ្ឌាធ្លាប់បានទៅដល់ភពអង្គារ តាមរយៈការព្យាយាមជាលើកដំបូង គឺនៅពេលដែលយានអវកាស Mangalyaan 1 ឬ MOM (Mars Orbiter Mission) បានចូលទៅដល់គន្លងរបស់ភពអង្គារ។ ឥណ្ឌាសង្ឃឹមថា នឹងមានបេសកកម្មទៅកាន់ទីនោះជាលើកទីពីរហៅថា Mars Orbiter Mission 2 ឬ Mangalyaan 2 ខណៈការចេញបេសកកម្មនេះគឺនៅឆ្នាំ២០២២ ឬអាចយូរជាងនេះ បន្ទាប់ពីខ្លួនបានទទួលជោគជ័យបញ្ជូនផ្កាយរណប Mangalyaan ទៅដល់ភពអង្គារ និងថតរូប ផ្ញើមកផែនដីវិញកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៤។

ឥណ្ឌានៅមានបេសកកម្មជាច្រើនទៀតរួមមាន Aditya-L1 ដែលនឹងប្រព្រឹត្តនៅឆ្នាំ២០២០ ដើម្បីសិក្សាពីស្រទាប់ខាងលើបំផុត ឬបរិយាកាសរបស់ព្រះអាទិត្យ និងបេសកកម្មមួយទៀតហៅថា XPoSat ដើម្បីស្រាវជ្រាវបាតុភូតម៉្យាងនៅឆ្នាំ២០២១។ ឥណ្ឌាក៏មានបេសកកម្មហៅថា Shukrayaan 1 ដើម្បីទៅសិក្សាភពសុក្រផងដែរ។

គួរជម្រាបថា ឥណ្ឌាគ្រោងបញ្ជូនអវកាសយានបន្ថែមទៀតឲ្យធ្វើដំណើរទៅកាន់ទីអវកាស ដែលអាចនឹងចាប់ផ្តើមកើតមានឡើងនៅឆ្នាំ២០២២ ខណៈមកទល់ពេលនេះ មានជនជាតិឥណ្ឌាតែ ០២រូបប៉ុណ្ណោះ ដែលធ្លាប់បានធ្វើដំណើរទៅកាន់ទីអវកាស គឺលោក Rakesh Sharma ក្នុងបេសកកម្មយាន Soyuz របស់សូវៀត (រុស្ស៊ី) កាលពីឆ្នាំ១៩៨៤ និងលោកស្រី Kalpana Chawla ដែលធ្លាប់ឡើងទៅទីអវកាសបានពីរលើកជាមួយ ទីភ្នាក់ងារអវកាសអាមេរិក NASA ប៉ុន្តែលោកស្រីបានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះយាន Columbia កាលពីឆ្នាំ២០០៣៕