(ម៉ានីល)៖ បញ្ហាស្ទះចរាចរណ៍នៅក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីនបាន និងកំពុងឆាបយកអាយុជីវិតអ្នកជំងឺជាច្រើននាក់ ដោយសារតែរថយន្ដសង្រ្គោះបន្ទាន់របស់ពួកគេ ត្រូវកកស្ទះរាប់សិបនាទីមុននឹងទៅដល់មន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

ការស្ទះចរាចរណ៍បានក្លាយជាប្រធានបទជជែកដេញដោល យ៉ាងផុលផុសរបស់ប្រជាជនហ្វីលីពីន ក្រោយរូបភាពរថយន្ដសង្រ្គោះបន្ទាន់ ដែលកកស្ទះទៅណាមិនរួចរាប់សិបនាទី នៅលើដងផ្លូវក្នុងទីក្រុងម៉ានីល ត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ជាបន្តបន្ទាប់នាពេលថ្មីៗនេះ។

ជាឧទាហរណ៍ជាក់ស្ដែង រូបភាពរថយន្ដសង្រ្គោះបន្ទាន់មួយគ្រឿង នៅក្នុងហេតុការណ៍ស្ទះចរាចរណ៍មួយ មានចុចមើលរហូតដល់ទៅ ៣.២លាននាក់ ហើយរូបភាពនេះត្រូវបានថតបង្ហោះដោយស្ត្រីម្នាក់ ដែលកំពុងនៅលើរថយន្ដសង្រ្គោះបន្ទាន់ជាមួយម្ដាយ កំឡុងពេលស្ទះចរាចរណ៍។
ស្ត្រីរូបនេះមានឈ្មោះ ហ្ស៊ីង ហ្សាម៉ូរ៉ា (Jing Zamora) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំពិតជាខឹង និងព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះយើងមិនអាចធ្វើអ្វីបានទាល់តែសោះ ដើម្បីជួយសម្រួលដល់រថយន្ដសង្រ្គោះបន្ទាន់ ដឹកម្ដាយរបស់ខ្ញុំ»។ នាង Zamora បានបន្ថែមទៀតថា ម្ដាយរបស់នាងនៅមានជីវិតនៅឡើយ ពេលស្ថិតលើរថយន្ដសង្រ្គោះបន្ទាន់អស់រាប់សិបនាទី ទម្រាំទៅដល់មន្ទីរពេទ្យ។ ប៉ុន្តែ គាត់បានទទួលមរណភាពមួយសប្ដាហ៍ក្រោយមក។

គួរបញ្ជាក់ថា បើតាមការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០១៧ របស់អាជ្ញាធរហ្វីលីពីន ក្រោមជំនួយរដ្ឋាភិបាលជប៉ុន ប្រជាជនក្នុងទីក្រុងម៉ានីលជាង ១៣លាននាក់ មានយានយន្ដស្ទើរតែម្នាក់មួយគ្រឿងទៅហើយ ដែលនេះគឺជាមូលហេតុមួយ បង្កឱ្យមានបញ្ហាស្ទះចរាចរណ៍ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងក្រុង ត្រូវបានក្រុមអ្នកជំនាញខ្លះ រិះគន់ថា ចាស់ហួសសម័យ។ មិនតែប៉ុណ្ណោះ ការសិក្សាដដែលក៏បានឱ្យដឹងដែរថា បញ្ហាស្ទះចរាចរណ៍បានបង្កការខាតបង់ថវិកាជាង ៦៧លានដុល្លារក្នុងមួយថ្ងៃក្នុងវិស័យផលិតកម្ម៕