(ឡុងដ៍)៖ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways (BA) បានប្រឈមមុខនឹងកូដកម្ម របស់ក្រុមអាកាសយានិកទ្រង់ទ្រាយធំមួយជាលើកដំបូង នៅថ្ងៃចន្ទនេះ ខណៈជើងហោះហើរប្រមាណ ១,៥០០ ស្ទើរតែទាំងអស់របស់ក្រុមហ៊ុនមួយនេះ ត្រូវបានសម្រេចឲ្យបញ្ឈរជើងរយៈពេល ០២ថ្ងៃ គឺថ្ងៃចន្ទ និងអង្គារដើមសប្តាហ៍នេះតែម្តង។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

British Airways និងក្រុមពីឡុតរបស់ខ្លួន ៤,៣០០នាក់ មានជម្លោះរឿងប្រាក់ឈ្នួលនឹងគ្នា អស់រយៈពេលជាច្រើនខែមកហើយ ហើយដែលជម្លោះនេះអាចនឹងធ្វើឱ្យប៉ះពាល់ ឬរំខានដល់អ្នកដំណើរតាមជើងហោះហើរជិត ៣០០,០០០នាក់។ សមាគមពីឡុតក្រមហ៊ុនអាកាសចរណ៍អង់គ្លេស (BALPA) បានជូនដំណឹងពីការធ្វើកូដកម្មនៅក្នុងខែកញ្ញា កាលពីខែសីហាមកម្ល៉េះ ដោយកូដកម្មនឹងត្រូវធ្វើ ឡើងនៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែកញ្ញានេះ ហើយលើកទីបីគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ។

គួរជម្រាបថា ក្រមហ៊ុន British Airways បានអះអាងថា ការធ្វើកូដកម្មរបស់ក្រុមពីឡុត គឺជារឿង មិនត្រឹមត្រូវ ខណៈខ្លួនបានផ្ដល់ប្រាក់ឈ្នួលយ៉ាងសមរម្យ។ ប៉ុន្តែ BALPA បានទាត់ចោលការផ្ដល់ ការដំឡើងប្រាក់ឈ្នួលឱ្យដល់ ១១.៥ភាគរយសម្រាប់រយៈពេល ០៣ឆ្នាំ ដែលស្នើឡើងដោយ British Airways កាលពីខែកក្កដា៕