(ញូដេលី)៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានឲ្យដឹងថា យានអវកាសឥណ្ឌា Chandrayaan-2 ដែលកំពុងគោចរនៅជុំវិញព្រះច័ន្ទនោះ បានប្រទះឃើញរ៉ូបូត Vikram ដែលបានដាច់ការទាក់ទង ក្រោយពីការព្យាយាមចុះចត នៅលើផ្ទៃព្រះច័ន្ទកាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុននោះហើយ ប៉ុន្តែវាពិតជាមានក្តីសង្ឃឹមតិចណាស់ នៅក្នុងការស្តារទំនាក់ទំនងជាមួយយានរុករកនោះឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ Hindu Times នាព្រឹកថ្ងៃច័ន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

ទោះបីជាក្តីសង្ឃឹមកាន់តែតិចទៅៗ ប៉ុន្តែក្រុមការងាររបស់ ISRO បានសន្យាថា នឹងប្រើប្រាស់ពេល ១៤ថ្ងៃ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងជាមួយយានអវកាស Chandrayaan-2 ដែលកំពុងចល័តនៅក្នុងគន្លងគោចរជុំវិញឋានព្រះច័ន្ទឲ្យអស់លទ្ធភាព។ ទីតាំងចុះចតរបស់ Vikram នៅលើផ្ទៃជិតប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ត្រូវបានចាប់សញ្ញាដោយកាមេរ៉ានៅលើយាន Chandrayaan-2។ ទោះបីជាបែបនេះក្តី ប្រទេសឥណ្ឌានៅតែបង្ហាញមោទនភាព ក្នុងនាមជាប្រទេសដំបូងគេលើលោក ដែលបានចុះចតយាននៅលើប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។

គួរបញ្ជាក់ថា យាន Vikram ដែលផ្តាច់ចេញពីតួយាន-ផ្កាយរណប Chandrayaan-2 បានព្យាយាមធ្វើការចុះចតលើផ្ទៃព្រះច័ន្ទ នៅព្រឹកថ្ងៃសៅរ៍ (ម៉ោងនៅឥណ្ឌា) ប៉ុន្តែនៅមុន ១០នាទី (រយៈកម្ពស់២.១គីឡូម៉ែត្រ) ដែលវាត្រូវបានគេរំពឹងថា នឹងចុះចតដល់ផ្ទៃព្រះច័ន្ទនោះ វាស្រាប់តែបាត់បង់ការទាក់ទង។

ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ដែលបាននិងកំពុងពិនិត្យដោយផ្ទាល់ ចំពោះការបញ្ជាយានវីក្រាម (Vikram) នៃបេសកកម្ម Chandrayaan-2 ពីទីក្រុងបេងហ្គាឡ័រ (Bangalore) ភាគខាងត្បូងឥណ្ឌា បានមើលឃើញអំពីផែនការ ដែលមិនបានប្រព្រឹត្តទៅដូចការរំពឹងទុកនេះ ប៉ុន្តែលោកក៏បានកោតសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យ របស់ទីភ្នាក់ងារអវកាសឥណ្ឌាទាំងមូល និងបានលើកទឹកចិត្តឲ្យក្រុមការងារទាំងអស់ ព្យាយាមបន្តការពុះពារ ដើម្បីស្វែងរកពន្លឺជាថ្មី។

ប្រទេសឥណ្ឌាមានក្តីរំពឹងជាយូរណាស់មកហើយថា ខ្លួននឹងអាចឈរនៅលេខរៀងទី ៤ បន្ទាប់ពីប្រទេសមហាអំណាចធំៗដូចជា សហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងការបញ្ជូនយានទៅចុះចតដោយជោគជ័យនៅលើ ផ្ទៃព្រះច័ន្ទ ប៉ុន្តែពេលនេះក្តីសង្ឃឹមបានប្រែជាស្រពិចស្រពិលហើយ៕