(អ៊ីស្លាម៉ាបាដ)៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ រដ្ឋមន្រ្តីវិទ្យាសាស្រ្ត-បច្ចេកវិទ្យារបស់ប៉ាគីស្ថាន លោក Fawad Chaudhry បានបង្ហោះ​សារចំអកឲ្យបេសកកម្មចុះចតនៅឋានព្រះច័ន្ទរបស់ឥណ្ឌា ដែលទំនងជាបានទទួលបរាជ័យបាត់ទៅហើយ។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

លោក Chaudhry បាននិយាយឌឺដងដូច្នេះថា «ចូរដេកទៅមិនចាំបាច់នៅរង់ចាំដំណឹងនោះទេ។ ប្រដាប់ក្មេងលេងនោះ (យានរបស់ឥណ្ឌា) បានចុះនៅទីក្រុងម៉ុមបៃឯណោះ មិនមែននៅលើផ្ទៃព្រះច័ន្ទទេ»។ រដ្ឋមន្រ្តីប៉ាគីស្ថានរូបនេះ បានបន្ថែមថា ជាជាងខ្ជះខ្ជាយថវិកាឥតប្រយោជន៍ទៅលើបេសកកម្មទៅឋានព្រះច័ន្ទ ឥណ្ឌាគួរតែផ្តោតលើការលុបបាត់ភាពក្រីក្រល្អជាង។

គួរជម្រាបថា យានឈ្មោះ Vikram ដែលជាយានសម្រាប់ចុះចតនៃបេសកកម្មទៅឋានព្រះច័ន្ទជាលើកទីពីររបស់ឥណ្ឌាហៅថា Chandrayaan-2 បានព្យាយាមចុះចតលើផ្ទៃព្រះច័ន្ទ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប៉ុន្តែស្រាប់តែដាច់ការទាក់ទង កំឡុងពេលដែលវា ស្ថិតនៅកម្ពស់ប្រមាណ២គីឡូម៉ែត្រពីផ្ទៃព្រះច័ន្ទ។

យ៉ាងណាមិញ ទោះទីភ្នាក់ងារអវកាសឥណ្ឌា ISRO មិនទាន់អាចផ្តល់ចម្លើយច្បាស់ក៏ដោយ គឺការចុះចតនេះ ទំនងជាមិនទទួល​បានជោគជ័យតាមការគ្រោងទុកឡើយ ពោលគឺវាប្រហែលបានធ្លាក់បុកផ្ទៃព្រះច័ន្ទពេញទំហឹង និងខ្ទេចបាត់ទៅហើយ។ ប្រការនេះធ្វើឲ្យក្តីសម្រៃរបស់ឥណ្ឌា ដែលចង់ក្លាយជាប្រទេសទី៤នៅលើពិភពលោក ដែលមានយានទៅជាន់​លើ​ផ្ទៃព្រះច័ន្ទ ត្រូវរលាយសាបសូន្យ។

ដោយឡែក យានជាផ្កាយរណបនៃបេសកកម្ម Chandrayaan-2 ដែលកំពុងគោចរជុំវិញព្រះច័ន្ទ គឺនៅល្អធម្មតា ខណៈរដ្ឋាភិបាលក៏ដូចជា​ប្រជាជនឥណ្ឌា សុទ្ធតែបានសម្តែងការលើកទឹកចិត្តដល់ទីភ្នាក់ងារអវកាស ISRO។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាននិយាយថា លោកនៅតែមានមោទនភាព និងប្តេជ្ញាបន្តអភិវឌ្ឍវិស័យអវកាសឥណ្ឌាឲ្យកាន់តែរីកចម្រើនទៅមុខ៕