(សេអ៊ូល)៖ ទីក្រុងព្យុងយ៉ាងបានតែងតាំងមេបញ្ជាការកងកាំភ្លើងធំ លោក ផាក ចុងជុន (Pak Jong Chon) ឡើងជាអគ្គមេបញ្ជាការយោធាកូរ៉េខាងជើងថ្មីតែម្តង ខណៈអ្នកជំនាញខ្លះយល់ថា ការតែងតាំងនេះគឺជាសញ្ញាមួយ បង្ហាញពីបំណងអភិវឌ្ឍអាវុធជំនាន់ថ្មី។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះទៀតថា លោក Pak Jong Chon ត្រូវបានតែងតាំងជាប្រធានសេនាធិការយោធាកូរ៉េខាងជើងថ្មី ជំនួសលោក រី យ៉ុងជីល (Ri Yong Gil) ដែលបានកាន់តំណែងនេះតាំងពីឆ្នាំ២០១៣។ ម្យ៉ាងវិញទៀត ការសម្រេចចិត្តនេះទៀតសោត ក៏ត្រូវបានប្រកាសផងដែរ កំឡុងកិច្ចប្រជុំមួយក្រោមអធិបតីភាពរបស់ មេដឹកនាំកំពូលផុតលេខលោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា លោក Pak Jong Chon បានបង្ហាញខ្លួនជានិច្ចជាមួយ លោក គីម ជុងអ៊ុន ដើម្បីត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់នាពេលថ្មីៗ ស្របពេលអ្នកជំនាញខ្លះសន្និដ្ឋានថា ការតែងតាំងអ្នកជំនាញកំាភ្លើងធំរូបនេះ គឺបង្ហាញថា កូរ៉េខាងជើងនឹងផ្ដោតសំខាន់លើការអភិវឌ្ឍអាវុធជំនាន់ថ្មី។ ដោយឡែកសម្រាប់ប្រទេសក្នុងតំបន់វិញ ជាពិសេសជប៉ុនកំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសមត្ថភាពសព្វាវុធ និងការសាកល្បងមីស៊ីលប្លែកៗជាបន្តបន្ទាប់របស់កូរ៉េខាងជើង៕