(តូក្យូ)៖ ព្រះមហាក្សត្រីយានីជប៉ុន មីជីកុ (Michiko) ដែលត្រូវជាព្រះមាតាបង្កើត នៃព្រះចៅអធិរាជបច្ចុប្បន្ន ណារុហ៊ីតុ (Naruhito) ត្រូវបានយាងទៅកាន់មន្ទីរពេទ្យហើយ ដើម្បីត្រៀមទទួលការវះកាត់ព្រះរោគមហារីកសុដន់។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។

កាសែតជប៉ុនអាសាហ៊ិស៊ីមប៊ុន (Asahi Shimbun) ត្រូវបានដកស្រង់ការផ្សាយទៀតថា ព្រះមហាក្សត្រីយានី Michiko មានព្រះជន្មាយុ ៨៤វស្សា នឹងត្រូវទទួលការវះកាត់ ពីសំណាក់់ក្រុមគ្រូពេទ្យជំនាញ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះហើយ បន្ទាប់ពីទ្រង់ត្រូវបានយាងចូលមន្ទីរពេទ្យ កាលពីថ្ងៃសុក្រម្សិលមិញនេះ។

គួរបញ្ជាក់ថា ព្រះអគ្គមហេសីនៃអតីតព្រះចៅអធិរាជប៉ុន អាគីហ៊ីតុ (Akihito) អង្គនេះ តែងតែទទួលការពិនិត្យព្រះរាជសុខភាពជាប្រចាំ ប៉ុន្តែកាលពីពាក់កណ្តាលខែកក្កដា ក្រុមគ្រូពេទ្យជប៉ុនបានរកឃើញថា ទ្រង់មានព្រះរោគមហារីកសុដន់ ដែលតម្រូវឲ្យមានការវះកាត់ជាបន្ទាន់។ ការវះកាត់នឹងត្រូវធ្វើឡើងនៅក្នុងមន្ទីរពេទ្យ​នៃសាកលវិទ្យាតូក្យូ៕