(ប៉េកាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺគែល ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន បានអង្គុយលើកៅកំឡុងពេលគោរពបទភ្លេងជាតិអាល្លឺម៉ង់ ដែលទិដ្ឋភាពបែបនេះ ពិតជាបានបង្កឲ្យមានការព្រួយបារម្ភ ជាច្រើនផ្ទុះឡើងពីបញ្ហាសុខភាពរបស់លោកស្រី។

ពិធីស្វាគមន៍ជាផ្លូវការនៃដំណើរទស្សនកិច្ចរបស់លោកស្រី មឺគែល បានប្រព្រឹត្តទៅនៅថ្ងៃសុក្រនេះ នៅបរិវេណខាងមុខសភាជាតិ ក្រោមសីតុណ្ហភាពជិត ៣០អង្សាសេ និងដោយមានការទទួលស្វាគមន៍ពីនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang)។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ នេះមិនមែនជាលើក ទីមួយឡើយដែលលោកស្រី មឺគែល សម្រេចចិត្តអង្គុយលើកៅអីជំនួសឲ្យការឈរ នៅពេលជួបជាផ្លូវការជាមួយថ្នាក់ដឹកនាំពិភពលោក។

* តើមានអ្វីកើតឡើងឱ្យប្រាកដលើលោកស្រី មឺគែល?

ការសម្រេចចិត្តអង្គុយលើកៅអី ដើម្បីគោរពបទភ្លេងជាតិអាល្លឺម៉ង់ កំឡុងពេលបំពេញទស្សនកិច្ចក្នុងទីក្រុងប៉េកាំង របស់លោកស្រី អាន់ជែឡា មឺគែល គឺជាលើកទី ៤ ហើយដែលមេដឹកនាំអាល្លឺម៉ង់រូបនេះ ជ្រើសរើសយកការអង្គុយនៅពេលជួបជាមួយមេដឹកនាំដទៃ។ ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែសីហាកន្លងទៅ លោកស្រីក៏បានអង្គុយជាលើកទី ៣ ផងដែរ ខណៈទទួលស្វាគមន៍ ប្រធានាធិបតីលីទុយអានី លោក ជីតាណាស់ ណូសេដា (Gitanas Nauseda) ក្នុងទីក្រុងប៊ែរឡាំង កំឡុងពេលគោរពបទភ្លេងជាតិនៃប្រទេសទាំង ២។ ម្យ៉ាងវិញទៀត លោកស្រីក៏ធ្លាប់បានញ័រខ្លួនដល់ទៅ ៣ លើកទៀតផងនៅក្នុងខែមិថុនា និងខែកក្កដា ជាហេតុបង្កឱ្យប្រជាជនអាល្លឺម៉ង់ជាច្រើន ព្រួយបារម្ភពីសុខភាពរបស់លោកស្រី។

តែទោះជាយ៉ាងណាក៏ដោយ លោកស្រី មឺគែល បានអះអាងជាច្រើនលើកថា លោកស្រីមានសុខភាពល្អជាធម្មតា ហើយអាចបំពេញការងារបានពេញលេញ។ លោកស្រី ត្រូវបានកាសែតអាល្លឺម៉ង់ ដឺ ស្ពីហ្គែល (Der Spiegel) ដកស្រង់សម្ដី នៅក្នុងពិធីជួបជុំមួយមានអ្នកចូលរួមជាង ២០០នាក់ កាលពីខែសីហា យ៉ាងដូច្នេះថា «ខ្ញុំយល់ថា តើហេតុអ្វីបានជាពួកគេសួរសំណួរទាំងនេះ... ហើយក្នុងចំណោមពួកគេក៏មាន អ្នកព្រួយបារម្ភពីខ្ញុំដែរ។ ប៉ុន្តែខ្ញុំមានសុខភាពល្អ និងអាចបំពេញការងារបានយ៉ាងល្អពេញលេញ»។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាសុខភាពនេះដែរ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រមួយចំនួនសង្ស័យថា ការញ័រខ្លួនរបស់លោកស្រី មឺគែល អាចបណ្ដាលមកពីបញ្ហាប្រព័ន្ធប្រសាទតិចតួច ឬក៏ដោយសារឥទ្ធិពលថ្នំាបំបាត់ស្រ្តេស និងការទទួលទានភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនពេកជាដើម។ លោកស្រី អាន់ជែលឡា មឺគែល ធ្លាប់ត្រូវបានគេថតជាប់មានអាការៈញ័រខ្លួនចំនួន៣ លើករួចមកហើយ។

លើកទីមួយដែលលោកស្រីញ័រជើង គឺនៅពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនថ្មីលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) កាលពីថ្ងៃទី១៨ ខែមិថុនា និងលើកទី២ នៅពេលលោកស្រី ចូលរួមក្នុងព្រឹត្តិការណ៍មួយជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រាំង វ៉លធើ ស្ទេនមីញែរ (Frank-Walter Steinmeier) នៅថ្ងៃទី២៧ ខែមិថុនា។ ចំណែកឯលើកទី ៣ គឺកំឡុងពេលលោកស្រី មឺគែល ឈរជិតនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក អានទី រីនណេ (Antti Rinne) ដែលបំពេញទស្សនកិច្ចមកកាន់ទីក្រុងប៊ែរឡាំង កាលពីថ្ងៃ១០ ខែកក្កដា កន្លងទៅនេះ។

គួរបញ្ជាក់ថា លោកស្រី មឺគែល បច្ចុប្បន្នមានអាយុ៦៥ឆ្នាំទៅហើយ និងបានកាន់តំណែងជាអធិការបតីអាល្លឺម៉ង់តាំងតែពីឆ្នាំ២០០៥ មកម្ល៉េះ។ ប៉ុន្តែលោកស្រី បានប្រកាសកាលពីឆ្នាំ២០១៨ ថានឹងចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតទៀតទេ នៅពេលអាណត្តិលោកស្រីត្រូវបញ្ចប់នៅឆ្នាំ២០២១៕

ប្រភព៖ សារព័ត៌មានអាល្លឺម៉ង់ DW (ថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩)