( ហុងកុង)៖ អភិបាលទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសថា លោកស្រីនឹងលុបចោលជាផ្លូវការ នូវសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ដែលជាមូលហេតុចម្បងបង្កឲ្យមានការធ្វើបាតុកម្មយ៉ាងកក្រើក នៅក្នុងទីក្រុងស្វយ័តចិនមួយនេះ ដែលបានអូសបន្លាយមកដល់ពេលបច្ចុប្បន្ន គឺជាងបីខែហើយ។

ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមអ្នកគាំទ្រទីក្រុងប៉េកាំងខ្លះយល់ថា ការលុបចោលសេចក្ដីព្រាងច្បាប់ធ្វើ បត្យាប័ននេះ គឺហួសពេលទៅហើយ ពោលគឺវានឹងមិនអាចបន្សាបកំហឹងរបស់ក្រុមបាតុករបានឡើយ ដ្បិតពេលនេះក្រុមបាតុកមិនមែនត្រឹមតែប្រឆាំងនឹងច្បាប់នេះទេ តែគឺប្រឆាំងនឹងការដឹកនាំរបស់ រដ្ឋាភិបាលទីក្រុងហុងកុង តែម្ដង។

* ការលុបចោលច្បាប់ធ្វើបត្យាប័ន នឹងបន្ធូរភាពតានតឹង ឬបង្កភាពចលាចលកាន់តែខ្លាំង?

កាលពីខែមេសា កន្លងទៅ រដ្ឋាភិបាលទីក្រុងហុងកុង បានធ្វើបទបង្ហាញពីសេចក្ដីព្រាងច្បាប់មួយ ពាក់ព័ន្ធនឹងការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក។ ចំណែកឯ ក្រុមអ្នករិះគន់យល់ថា ច្បាប់នេះនឹងមិនផ្ដល់យុត្តិធម៌ដល់ជនសង្ស័យឡើយ រហូតដល់ផ្ទុះជាបាតុកម្មតវ៉ានៅក្នុងខែឧសភា ទាមទារឱ្យរដ្ឋាភិបាល លោកស្រី Carrie Lam លុបចោលច្បាប់នេះទៅវិញ។ លោកស្រី Lam សម្រេចចិត្ត ផ្អាកការអនុម័តច្បាប់នេះកាលពីខែកក្កដា ហើយប្រកាសថា នឹងលុបចោលច្បាប់នេះទាំងស្រុង កាលពីថ្ងៃពុធម្សិលមិញ។

ការប្រកាសលុបចោលច្បាប់ធ្វើបត្យាប័ន គឺជាជោគជ័យមួយក្នុងចំណោមសំណើទាំង៥ នៃការទាមទាររបស់ក្រុមបាតុករក្រុងហុងកុង។ សំណើទាំង៥ នេះមានដូចជា៖

* លុបចោលសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នទាំងស្រុង
* លុបចោលការចាត់ទុកបាតុកកម្មតវ៉ាថា ជា «កុប្បកម្ម»
* លើកលែងទោសឱ្យបាតុករទាំងអស់ដែលត្រូវបានចាប់ខ្លួន
* ស៊ើបអង្កេតលើការរំលោភបំពានរបស់ប៉ូលិសលើបាតុករ
* មេដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam ត្រូវតែចុះចេញពីតំណែងតែរឿងនេះលោកស្រីបដិសេធ។

យ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងនោះរួមមានទាំងសមាជិកសភា ហុងកុង លោក Luk Chung-hung បាននិយាយថា ការលុបចោលច្បាប់ធ្វើបត្យាប័ន គឺបង្ហាញពីភាពទន់ជ្រាយ របស់រដ្ឋាភិបាលទីក្រុងហុងកុង ហើយវានឹងមិនអាចបន្ធូរបន្ថយភាពតានតឹងក្នុងពេលបច្ចុប្បន្ន បានឡើយ តែវាមានតែលើកទឹកចិត្តដល់ក្រុមបាតុករ ឱ្យធ្វើបាតុកម្មទាមទារកាន់តែច្រើនពីរដ្ឋាភិបាល តែប៉ុណ្ណោះ។

លោក Luk Chung-hung បន្ថែមទៀតថា ការលុបចោលច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ ចិនដីគោក គឺមានន័យស្មើនឹង «ការប្រគល់កាំភ្លើង ឱ្យក្រុមបាតុករ» ដ្បិតការសម្រេចចិត្តបែបនេះ យឺតពេលពេកទៅហើយ ខណៈពេលនេះ ក្រុមបាតុកមិនមែនត្រឹមតែប្រឆាំងនឹងច្បាប់នេះទៀតទេ តែគឺប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលទីក្រុងហុងកុង តែម្ដង។

* តើចិននឹងអស់ភាពអត់ធ្មត់ចំពោះក្រុមបាតុករហុងកុង?

ប្រឈមមុខនឹងបាតុកម្មតវ៉ាអស់រយៈពេលជាង៣ខែនេះ ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ សេដ្ឋកិច្ចក្រុងហុងកុង ទីក្រុងប៉េកាំង បានព្រមានជាបន្តបន្ទាប់ពីការធ្វើអន្តរាគមន៍យោធា ដើម្បីដោះស្រាយវិបត្តិនៅក្នុងទីក្រុងហុងកុង ស្របពេលមានសេចក្ដីរាយការណ៍ថាកងទ័ពចិន និងរថពាសដែកជាច្រើនគ្រឿង ត្រូវបានដាក់ពង្រាយនៅតំបន់ជាប់ព្រំដែនទីក្រុងហុងកុង។

បើតាមមាត្រា១៨ នៃច្បាប់ Basic Law នៅក្នុងករណី មានសង្រ្គាម ឬមានភាពចលាចលណាមួយ ដែលអាចនឹងបំផ្លាញដល់ឯកភាពជាតិ និងសន្តិសុខរបស់ទីក្រុងហុងកុង រដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹងប្រកាសភាពអាសន្ន ក៏ដូចជាអនុវត្តច្បាប់ជាតិនានា មានទាំងការធ្វើអន្តរាគមន៍យោធាជាដើម ក្នុងបុព្វហេតុផលប្រយោជន៍ជាតិ។

ប៉ុន្តែ ក្រុមអ្នកជំនាញខ្លះ យល់ថាចិននឹងមិនប្រថុយប្រើប្រាស់កម្លាំងយោធាបង្រ្កាបក្រុមបាតុករហុងកុង ដូចដែលខ្លួនធ្លាប់បានធ្វើដាក់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅឯទីលាន Tiananmen កាលពី ឆ្នាំ១៩៨៩ នោះទេ។ និយាយឱ្យចំ ចិនមានតែត្រូវទ្រាំ ហើយបើទោះជាទ្រំាមិនបាន ក៏ត្រូវតែទ្រាំដែរ ពីព្រោះ បើការបង្រ្កាបដោយហិង្សាណាមួយផ្ទុះឡើង នោះរូបភាពហិង្សាទាំងឡាយនឹងត្រូវបង្ហោះយ៉ាង ព្រោងព្រាតនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលនេះអាចនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មុខមាត់ចិននៅលើឆាកអន្តរជាតិ។

លើសពីនេះទៅទៀត ទីក្រុងប៉េកាំងផ្ទាល់ ក៏ដឹងយ៉ាងច្បាស់ដែរថា សហរដ្ឋអាមេរិកអាចនឹងកេងចំណេញ ផលប្រយោជន៍ពីខ្លួន ក្នុងករណីចិនធ្លាក់ចូលទៅក្នុងជម្លោះ ឬវិបត្តិណាមួយ។

គួរបញ្ជាក់ថា គិតចាប់តាំងពីខែមិថុនាមក បាតុករច្រើនជាង១,១០០នាក់ ត្រូវបានចាប់ខ្លួន ហើយបើ ទោះជាមានការប្រកាសលុបចោលច្បាប់ធ្វើបត្យាប័នជាផ្លូវការក៏ដោយ ក៏បាតុករមួយចំនួននៅតែអះអាង ថានឹងបន្តធ្វើបាតុកម្មតវ៉ាដដែល។ ទីក្រុងហុងកុង ត្រូវបានអង់គ្លេស ប្រគល់ឱ្យចិនគ្រប់គ្រងវិញនៅ ឆ្នាំ១៩៩៧ ក្នុងនាមជាតំបន់សេដ្ឋកិច្ចពិសេសមួយរបស់ចិន តាមរយៈការអនុវត្តគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ»៕