(វ៉ាស៊ីនតោន)៖ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Starbucks លោក ហូវ៉ាដ ស្កាល់ស៍ (Howard Schultz) នៅថ្ងៃសុក្រនេះបានប្រកាសជាផ្លូវការថា លោកនឹងមិនចូលរួមប្រកួតប្រជែង នៅក្នុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ ខាងមុខនេះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងលិខិតផ្ញើជូនអ្នកគាំទ្រ និងត្រូវបានបង្ហោះលើ Twitter លោក Schultz បានបញ្ជាក់ទៀតថា ក្រុមអ្នកបោះឆ្នោតនិយមនិន្នាការកណ្ដាល ដែលលោកសង្ឃឹមថានឹងបោះឆ្នោតគាំទ្រលោកនោះ បានងាកចេញពីជីវិតនយោបាយរបស់លោក ហើយមានអ្នកខ្លះថែមទាំងមិនគាំទ្រលោកទៀតផង ដោយសារតែពួកគេខ្លាច រូបលោកអាចនឹងជួយឱ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាថ្មី។

គួរជម្រាបថា លោក Schultz មានអាយុ ៦៦ឆ្នាំ បានពិភាក្សាពីការបង្កើតក្រុមយុទ្ធនាឃោសនាបោះឆ្នោតមួយ កាលពីខែមករាកន្លងទៅ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ ក្នុងនាមជាបេក្ខជនឯករាជ្យម្នាក់៕